សមាគមឧកញ៉ាកម្ពុជា ផ្ញើលិខិតជូនពរ និងអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា ប្រធានព្រឹទ្ធសភា នីតិកាលទី៥

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់នៃ សមាគមឧកញ៉ាកម្ពុជា ផ្ញើលិខិតជូនពរ និងអបអរសាទរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្តេច ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» ក្នុងសម័យប្រជុំដំបូង នីតិកាលទី៥ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខ្លឹមសារលិខិតជូនពររបស់សមាគមឧកញ៉ាកម្ពុជា មានសេចក្តីដូចតទៅ៖ ក្នុងទិវាដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាពោរពេញ ដោយ ក្តីសោមនស្សរីករាយ នាឱកាសដែលសម្តេចត្រូវបាន ព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជា «ប្រធានព្រឹទ្ធសភា» ក្នុង សម័យប្រជុំដំបូង នីតិកាលទី៥ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុតនៃ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ រាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ខ្ញុំបាទនិងភរិយា ព្រមទាំងថ្នាក់ ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិកទាំងអស់នៃសមាគមឧកញ៉ាកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរដ៏កក់ក្តៅ និងសូមគោរពជូនពរជ័យសិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចតេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចង ចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចហត់នឿយ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាដោយកសាងបាននូវសុខសន្តិភាព ការ អភិវឌ្ឍ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយភាពថ្លៃថ្នូរ ស្ថេរភាព និងវឌ្ឍនភាពលើគ្រប់វិស័យ។

តាងនាមថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃសមាគម ឧកញ៉ាកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមបីបាច់ថែរក្សា និង ប្រោះព្រំនូវសព្ទសាធុការពរជូន សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និង ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវសេចក្តី គោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីយើងខ្ញុំទាំងអស់គ្នា៕