ឧកញ៉ាបណ្ឌិត សំ សុខនឿន និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង គម្រោងព្រែកជីកហ្វូណនតេជោ

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមហ៊ុន SAM SN Realty និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ តាមការអំពាវនាវយ៉ាងទទូចរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលសូមឱ្យជនរួមជាតិគាំទ្រគម្រោង​ព្រែកជីក​ហ្វូណនតេជោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បាន​បង្ហោះសារ​​គាំទ្រ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក នៅ​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ យ៉ាងដូច្នេះ​ថា៖ “ខ្ញុំបាទ សំ សុខនឿន និងក្រុមគ្រួសារ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវការអនុវត្តគម្រោងព្រែកជីក​ហ្វូណន-តេជោ”។

ការអំពាវនាវរបស់សម្ដេចប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសនៃសមាគមឧកញ៉ាកម្ពុជា។

ការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណនតេជោ ឲ្យសម្រេច​បាននាពេលអនាគត។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ និងផ្តល់​អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគ​ផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕