អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា កំពុងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤។
យោងតាមលិខិត សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ដែល ឧកញ៉ាញូស៍ ទទួលបាន បានឱ្យដឹងថា អ្នកឧកញ៉ា ឧកញ៉ា ដែលជាគណៈប្រតិភូសភាពាណិជ្ជកម្ម បានអញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តាមជើងយន្តហោះពិសេសរួមមាន៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម, ឧកញ៉ា សុខ ពិសិដ្ឋ, ឧកញ៉ា លឹម សុជាតិ, អ្នកឧកញ៉ា លី ឃុនថៃ, អ្នកឧកញ៉ា ផែ ហុកឈួន, អ្នកឧកញ៉ា សុខ ឆេង, អ្នកឧកញ៉ា ឡាវ កាង, ឧកញ៉ា ឡេង សុខគា, អ្នកឧកញ៉ា សៀ ឫទ្ធី និងលោកជំទាវឧកញ៉ា នួន ពេជ្រសុផល។
លើសពីនេះ អ្នកឧកញ៉ា ឧកញ៉ា គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលបានអញ្ជើញទៅអមដំណើរបន្ថែមទៀតរួមមាន៖ អ្នកឧកញ៉ា ចាន់ សុទ្ធា, អ្នកឧកញ៉ា ហ៊ឺ បាវី, អ្នកឧកញ៉ា ហេង វុទ្ធី, ឧកញ៉ា ឈិន សុង, លោកស្រីឧកញ៉ា កែវ ចំរើន, លោកស្រីឧកញ៉ា សែន ពិសិដ្ឋវណ្ណីដា និងឧកញ៉ា សំ សុខនឿន។
សូមជម្រាបថា ក្នុងកំឡុងពេលនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-កូរ៉េ ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មជាតិកូរ៉េ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីកម្ពុជា-កូរ៉េ និង ពង្រឹងភាពជាដៃគូនៃប្រទេសទាំងពីរ។
សម្តេចធិបតី បានបញ្ជាក់ នៅរសៀលថ្ងៃទី១៦ ខែឧសភានេះថា ក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន។ សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ។
ទន្ទឹមនឹងនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងបំពេញទស្សនកិច្ចនៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យា (Pangyo Techno Valley) សារមន្ទីរនវានុវត្តន៍សាមសុង (Samsung Innovation Museum) រោងចក្រចម្រាញ់ជីវថាមពលពីសំបកគ្រាប់ស្វាយចន្ទី និងជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីកសាងទំនាក់ទំនង និងពង្រីកសកម្មភាពពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ក្រៅពីនេះសភាពាណិជ្ជកម្មកម្ពុជា នឹងចុះអនុស្សរណៈយោគយល់ជាមួយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក៏ដូចជាជំរុញកាលានុវត្តភាពធុរកិច្ចរវាងប្រទេសទាំងពីរផងដែរ៕