ឧកញ៉ាបណ្ឌិត គឹម ហ៊ាង៖ ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅបណ្ដាប្រទេសអារ៉ាប់ ជាការបើកទំព័រប្រវត្ដិសាស្រ្ដថ្មី រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក និងជាអគ្គនាយកបុរី វិមានសំណាង និងជាអ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសនៅមជ្ឈឹមបូព៌ា កាលពីពេលថ្មីៗកន្លងទៅ គឺជាការបើកទំព័រប្រវត្ដិសាស្រ្ដ ក្នុងការរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន តាមរយៈការទាក់ទាញវិនិយោគិន និងទេសចរអារ៉ាប់មកកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោកឧកញ៉ាបណ្ឌិត កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់របស់លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាមួយស្ថាប័នសារព័ត៌មាន«ឧកញ៉ាញូស៍» លោកឧកញ៉ាបានមើលឃើញថា កម្ពុជានឹងអាចទាក់ទាញវិនិយោគិន និងទេសចរណ៍មកពីបណ្ដារប្រទេសនៅអារ៉ាប់បាន តាមរយៈការអញ្ជើញទស្សនកិច្ចបើកផ្លូវរបស់ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន។ កម្ពុជានឹងអាចមានឱកាសទទួលបានវិនិយោគិនអារ៉ាប់កាន់តែច្រើន ប្រសិនបើកម្ពុជាដាក់ទូតនៅតាមបណ្ដារប្រទេសទាំងនោះច្រើន ហើយទូតដែលនឹងដាក់ទៅគឺសុទ្ធតែជាអ្នកជំនាញសេដ្ឋកិច្ច ដើម្បីទាក់ទាញ និងបញ្ចុះបញ្ចូលពួកគេឱ្យមករកស៊ី និងដើរលេងនៅស្រុកយើង។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះ បានបន្ថែមទៀតថា ក្នុងការទំនាក់ទំនងជាមួយប្រទេសអារ៉ាប់ គឺកម្ពុជាមិនជាប់ចំណងណាមួយនោះទេ ព្រោះថាអារ៉ាប់ជាប្រទេសអ្នកមាន គិតតែពីការរកស៊ីតែម្យ៉ាងប៉ុណ្ណោះ គេមិនសូវគិតរឿងភូមិសាស្រ្ដនយោបាយ បញ្ហាលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នោះឡើយ។

លោកឧកញ៉ាបានបន្ថែមទៀតថា អារ៉ាប់នឹងចាប់អារម្មណ៍មកកម្ពុជា តាមរយៈហេតុបីយ៉ាង៖ ទី១ គឺកសិកម្ម ទី២ គឺទេសចរណ៍ ទី៣ គឺការទាក់ទាញ បញ្ចុះបញ្ចូលឱ្យពួកគេមកជួយកម្ពុជាក្នុងនាមជាមិត្ដ។ អារ៉ាប់ជាប្រទេសដីខ្សាច់ ពួកគេមិនចាប់អារម្មណ៌ទៅលើការដាំដំណាំកសិកម្មបាននោះទេ ហេតុនេះពួកគេត្រូវការទិញកសិផលនៅកម្ពុជាយើង ដើម្បីបំពេញតម្រូវការរបស់ប្រជាជនអារ៉ាប់។ ជាមួយនឹងហេតុផលជាប្រទេសដីខ្សាច់ ទេសចរអារ៉ាប់ ក៏ចាប់អារម្មណ៍ទៅលើធនធានធម្មជាតិ ដែលកម្ពុជាកំពុងតែមានផងដែរ ដូចជាតំបន់ទេសចរធម្មជាតិ ព្រៃភ្នំ សមុទ្រ ទន្លេជាដើម។

ជាមួយនឹងការយល់ឃើញនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល ដាក់ទូតនៅតាមបណ្ដារប្រទេសនៅអារ៉ាប់ឱ្យបានកាន់តែច្រើន ដើម្បីទទួលបានវិនិយោគិន ក៏ដូចជាអ្នកទេសចរអារ៉ាប់កាន់តែច្រើនផងដែរ។

សូមជម្រាបជូនថា តាមរយៈដំណើរទេស្សនិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយេ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ សម្តេចតេជោ បានស្នើភាគីមិត្តជំរុញ ការវិនិយោគរបស់ខ្លួននៅកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃ ដូចជា ស្រូវនិងអង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀតរបស់កម្ពុជា ដើម្បីនាំចេញទៅក្នុងទីផ្សារ តំបន់ និងលើពិភពលោក។ ជាមួយគ្នានោះ សម្តេចតេជោ បានស្នើដល់ប្រទេសជាមិត្តផ្សេងទៀតជំរុញឱ្យមានកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ជាមួយកម្ពុជា រួមទាំងការបង្កើននិងបង្កើតការហោះហើរត្រង់មកកាន់កម្ពុជាផងដែរ៕