អ្នកឧកញ៉ា សួរ វីរៈ ដឹកនាំបុគ្គលិកគ្រួសារក្រុមហ៊ុន វិរៈ ប៊ុនថាំ ចំនួន ១៦១នាក់ ចូលរួមបរិច្ចាគឈាមជាលើកទី៣ ចែករំលែកក្ដីស្រឡាញ់ទៅសង្គម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានដឹកនាំប្រធាននាយកប្រតិបត្តិ លោកអគ្គនាយករង លោកប្រធានប្រតិបត្តិហិរញ្ញវត្ថុ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បុគ្គលិក-កម្មករ ព្រមទាំងមហាគ្រួសារវិរៈប៊ុនថាំ ទាំងអស់ចូលរួមស្ម័គ្រចិត្តជាមួយមជ្ឍមណ្ឌលជាតិផ្ដល់ឈាម ក្នុងកម្មវិធីបរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់ លើកទី៣ នៅខាងមុខទីស្នាក់ការកណ្ដាល ក្រុមហ៊ុន វិរៈ ប៊ុនថាំ រាជធានីភ្នំពេញ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនេះដែរ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស មានប្រសាសន៍ថា៖ “យុទ្ធនាការនៃការស្ម័គ្រចិត្តបរិច្ចាគឈាមធ្វើឡើងក្នុងគោលបំណង ជួយត្រឡប់ទៅសង្គមវិញ។ ដូច្នេះ លើកនេះជាលើកទីបីហើយដែលគ្រួសារក្រុមហ៊ុន វីរៈ ប៊ុនថាំ ទាំងអស់បានចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម ហើយបានបរិច្ចាគឈាមជាទៀងទាត់រៀងរាល់ ៤ ខែម្ដង។”

អ្នកឧកញ៉ា សួរ វីរៈ បានសង្កត់ធ្ងន់ថា បើតាមការណែនាំពីវេជ្ជបណ្ឌិតជំនាញ ការបរិច្ចាគឈាមរបស់មនុស្សម្នាក់អាចធ្វើទៅបានដោយយន្តការស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំឡើយ។ សម្រាប់មនុស្សប្រុសក្នុងមួយឆ្នាំ អាចធ្វើការបរិច្ចាគឈាមបានចំនួនបីដង រីឯមនុស្សស្រីក្នុងមួយឆ្នាំ អាចធ្វើការបរិច្ចាគបានចំនួនបួនដង។ ដោយយល់ឃើញពីសារៈសំខាន់នៃការបរិច្ចាគឈាម លើកទីបីនេះមានការកើនឡើងចំនួនបុគ្គលិកដែលបានមកចូលរួមស្ម័គ្រចិត្តបរិច្ចាគឈាម។”

ជាមួយគ្នានោះដែរលោក មាស លាង មន្ត្រីទំនាក់ទំនងសាធារណៈនៃមជ្ឍមណ្ឌលជាតិផ្ដល់ឈាម បានប្រាប់ឧកញ៉ាញូស៍ថា៖ “ការបរិច្ចាគឈាម មិនប៉ះពាល់ដល់សុខភាពនោះទេ។ អត្ថប្រយោជន៍នៃការបរិច្ចាគឈាម មានដូចជា ជួយកាត់បន្ថយការកើតជំងឺមហារីកផ្សេងៗដែលធ្វើឲ្យប៉ះពាល់ដល់ថ្លើមនិងលំពែង ជួយកាត់បន្ថយជាតិដែកក្នុងខ្លួន និងមានសារៈសំខាន់និងចាំបាច់បំផុតដើម្បីសង្គ្រោះជីវិតមនុស្សដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីពេទ្យផ្សេងៗ។” មន្រ្តីជំនាញដដែលនេះ បានបង្ហើបឲ្យដឹងថា បើតាមតួលេខមានតម្រូវការឈាមប្រចាំថ្ងៃជាមធ្យមចំនួន ៣៥០ប្លោក ក្នុងរាជធានីភ្នំពេញ។

គួរជម្រាបជូនថា យោងតាមរបាយការណ៍ពីគ្រូពេទ្យនៃមជ្ឍមណ្ឌលជាតិផ្ដល់ឈាម កម្មវិធីបរិច្ចាគឈាមចែករំលែកក្តីស្រឡាញ់របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ដឹកនាំដោយអ្នកឧកញ៉ា សួរ វីរៈ នៅវគ្គទី៣ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៥ មានការកើនឡើងដោយមានបុគ្គលិកចូលរួមដោយស្ម័គ្រចិត្តបរិច្ចាគឈាម សរុបចំនួន ១៦១នាក់ ក្នុងនោះមានប្រុស ១០៦នាក់ ស្រី ៥៥នាក់៕