អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប បានប្រកាសអំពាវនាវកៀរគរថវិកា សម្ភារៈ ឬស្បៀងអាហារ ពីបងប្អូនប្រជាពលរដ្ឋខ្មែរតាមលទ្ធភាព ដើម្បីជួយដល់កងទ័ពសមរភូមិមុខដែលកំពុងឈរជើងតស៊ូការពារទឹកដីនៅតាមព្រំដែន។

ស្ថានភាពព្រំដែនកម្ពុជា-ថៃ បាននិងកំពុងកើនឡើងកម្តៅ បន្ទាប់ពីកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា មានការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅភូមិតេជោមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា និងបានធ្វើឱ្យកងទ័ពរបស់កម្ពុជាមួយរូប បានបាត់បង់ជីវិត។ ក្រោយហេតុការណ៍នេះ កងទ័ពកម្ពុជាតម្រូវឱ្យមានការត្រៀមខ្លួនខ្ពស់ និងត្រូវការការគាំទ្រពីសមរភូមិក្រោយ ដើម្បីបន្តការពារបូរណភាពទឹកដីខ្មែរ។
អ្នកឧកញ៉ា ទៀ វិចិត្រ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហោះសារលើទំព័រហ្វេសប៊ុកដូច្នេះថា៖ “ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ ឬស្បៀងអាហារ តាមលទ្ធភាព ជួយដល់កងទ័ពសមរភូមិមុខ ដើម្បីបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា នៃខឿនការពារជាតិខ្មែរ (បញ្ជាក់ ABA ឈ្មោះ SOENG CHESDA)”។
ក្រោយការប្រកាសរបស់អ្នកឧកញ៉ាតែប៉ុន្មានម៉ោងប៉ុណ្ណោះ ពោលគឺនៅម៉ោងប្រមាណ ៥៖២០នាទីល្ងាច ថ្ងៃទី០៣ ខែមិថុនាដដែល អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា មានសប្បុរសជនចូលរួមជាទឹកប្រាក់ជាលុយដុល្លារបានចំនួន ១០ ២៦១,៧៩ដុល្លារ និងទឹកប្រាក់ជាលុយខ្មែរបានចំនួន ១៦៨ ៨៣៨ ៣០៤រៀល។
ជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៤ ខែមិថុនានេះ អ្នកឧកញ៉ា ក៏បានបង្ហាញសារថ្លែងអំណរគុណដល់ទឹកចិត្តដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ ដែលបានចូលរួមផ្តល់នូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាតាមរយៈអ្នកឧកញ៉ា ជូនដល់បងៗកងទ័ពដែលឈរជើងតាមព្រំដែន។ អ្នកឧកញ៉ា បន្ថែមថា ទឹកចិត្តទាំងនេះ គឺពុំអាចមានពាក្យអ្វីមកកាត់ថ្លៃបានឡើយ ខ្មែរស្រឡាញ់ខ្មែរ។
សូមជម្រាបថា ក្រោយហេតុការណ៍ផ្ទុះអាវុធនៅព្រំដែនកម្ពុជា-ថៃនេះកើតឡើង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានបញ្ជាក់ផងដែរថា កម្ពុជាមិនមានបំណងឈ្លានពានប្រទេសណាមួយនោះទេ ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិនៅក្នុងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ យ៉ាងណាមិញ សម្តេចក៏មិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ព និងកងទ័ព ដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ៕

