ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងជាអ្នកជំនាញអចលនទ្រព្យ យល់ឃើញថា ការបើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិតេជោ នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល នៅខែកញ្ញាខាងមុខនេះ អាចនឹងមិនធ្វើឱ្យតម្លៃដីឡើងថ្លៃនោះទេ ព្រោះតម្លៃតំបន់នេះបានឡើងថ្លៃពី ២ទៅ៥ឆ្នាំរួចហើយ ប៉ុន្តែនឹងមានសន្ទុះការលក់ដូរកើនឡើង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧកញ៉ាបណ្ឌិត អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងព្រែកជីកហ្វូណនតេជោ ចំពោះតម្លៃដីធ្លី» ក្នុងកម្មវិធី FRESH BUSINESS កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ថា ទាក់ទងព្រលាន គឺយើងសាងសង់រាប់ឆ្នាំមកហើយ ហើយគម្រោងដែលធ្វើព្រលាន គឺមានយូរមកហើយ អីចឹងដីនៅតំបន់ជុំវិញព្រលានឡើងអស់ហើយៗ។ ដូច្នេះនៅពេលដីឡើងថ្លៃរួចអស់ហើយ ចង់ឡើងបន្តទៀតគឺជារឿងពិបាក។ ប៉ុន្តែនៅពេលព្រលានយន្តហោះបើក នឹងធ្វើឱ្យមានសកម្មភាពអាជីវកម្ម មានមនុស្សចេញចូល រថយន្តចេញចូល អាជីវកម្មថ្មីៗនឹងបើកនៅតំបន់នោះ ហើយនឹងធ្វើឱ្យមានកំណើនការទិញដូរដីធ្លីច្រើនជាងពេលបច្ចុប្បន្ន ព្រោះនឹងមានតម្រូវការពិតប្រាកដដូចជា ការសង់ផ្ទះនៅ ការសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន ឬការបើកអាជីវកម្មផ្សេងៗជាដើម»។
សូមជម្រាបថា បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋានអន្តរជាតិតេជោ តម្លៃ ១៥០០លានដុល្លារ ជាអាកាសយានដ្ឋានធំជាងគេនៅកម្ពុជា លំដាប់ 4F នឹងបើកឱ្យប្រតិបត្តិការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕



