បណ្ឌិត ហេង វុទ្ធី ប្រធានសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ បានរៀបចំពិធីសិរីមង្គលភ្ជាប់ពាក្យកូនប្រុស ក្នុងភូមិគ្រឹះមួយ នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមិញនេះ។

សិរីមង្គលពិធីភ្ជាប់ពាក្យនេះ កូនប្រុសនាម ហេង ឧត្តម ត្រូវជាកូនប្រុសរបស់ ឯកឧត្តមបណ្ឌិត ហេង វុទ្ធី និងកូនស្រីនាម សាផុន សិទ្ធិគុណ។ ពិធីនេះធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំត្រកូលរាមច្បងទាំងសងខាងយ៉ាងឱឡារិកតាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទង រំលេចដោយពណ៌ស្វាយលាយជាមួយពណ៌ផ្កាឈូកយ៉ាងប្រណិត។
ក្នុងការអបអរសាទរពិធីភ្ជាប់ពាក្យកូនប្រុសស្រីខាងលើ គេឃើញមានការអញ្ជើញចូលរួមជាកិត្តិយសពីថ្នាក់ដឹកនាំ និងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗមួយចំនួន រួមមាន៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង, អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប , អ្នកឧកញ៉ា ប៊ុន ហៃ អគ្គនាយកនៃក្រុមហ៊ុនបុរីភ្នំពេញថ្មី និង ឧកញ៉ា ហៀង ប៊ុន ប៉េង សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ប៉េង ហួត គ្រុប ផងដែរ៕











រូបភាព៖ The Ring