សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូ ឱ្យបញ្ឈប់ការចាប់គូកីឡាករ កីឡាការិនីថៃ មកប្រកួតនៅកម្ពុជា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ។

សេចក្តីជូនដំណឹង ក៏បានស្នើសុំដល់ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមជម្រាបថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសថៃ បានបិទព្រំដែនជាឯកតោភាគី បន្ថយចំនួនថ្ងៃស្នាក់នៅ ជាឯកតោភាគី និងការគំរាមកាត់ភ្លើង កាត់អ៊ីនធឺណិត ការរាយលួសបន្លាតាមច្រកព្រំដែនមួយចំនួន។ បន្ទាប់មក នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានអំពាវនាវ និងផ្តល់ជាអនុសាសន៍ថ្មីមួយចំនួនដល់រាជរដ្ឋាភិបាល ដើម្បីចាត់វិធានការឆ្លើយតបទៅកាន់ប្រទេសថៃ ជាបន្តបន្ទាប់វិញផងដែរ៕
