សហព័ន្ធស្រូវអង្ករកម្ពុជាសម្រេចបានការនាំចេញអង្ករ ស្រូវក្នុងរយៈ១០ឆ្នាំបានជាង២៧លានតោន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា នៅក្នុងរយៈពេល១០ឆ្នាំនេះ សហព័ន្ធស្រូវអង្ករកម្ពុជា មានសមាជិកសកម្មចំនួន ៣០១ ក្នុងនោះរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករមាន៨៧ ,រោងម៉ាស៊ីនកិនស្រូវចំនួន ១២៥, សហគមន៍ចំនួន៥៦ និងសហគ្រាសផ្សេងៗ ដែលទ្រទ្រង់ដល់វិស័យស្រូវអង្ករចំនួន ៣៣ ហើយតាមរយៈសហគ្រាសទាំងនេះកម្ពុជាសម្រេចបានការនាំចេញអង្ករបាន៦,៥៩លានតោន និងស្រូវបាន២១,៤៥លានតោន។ ឧកញ៉ា ចាន់ សុឃាំង លើកឡើងបែបនេះនៅក្នុងកម្មវិធីខួប១០ឆ្នាំនៃការបង្កើតសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ចាន់ សុឃាំង មានប្រសាសន៍ថា “តាមរយៈសហគ្រាសទាំងនេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៦,៥៩ លានតោន (២០១៤-២០២៤) ទៅកាន់ ១២៣ គោលដៅ។ ក្រៅពីការចេញអង្ករ កម្ពុជា ក៏បាននាំចេញស្រូវ ប្រមាណជាង ២១,៤៥ លានតោន (២០១៨-២០២៤) ដែលនេះជាសមិទ្ធផលរបស់វិស័យស្រូវអង្ករកម្ពុជាស្ថិតក្នុង យុគ្គសម័យសន្តិភាព ដែលបានដឹកនាំដោយ សម្តេចអគ្គមហាសេនាធបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបានបន្តដឹកនាំដោយ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា”។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានប្រសាសន៍ថា សមិទ្ធផលដ៏ល្អរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅក្នុងរយៈពេល១០ឆ្នាំំមកនេះគឺកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយចាប់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសការចូលរួសហការយ៉ាងជិតស្និទ្ធរវាងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានផ្តល់កញ្ចប់ថវិកាពិសេសជូនវិស័យស្រូវអង្ករ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ក្រសួងពាណិជ្ជកម្មដែលបានខិតខំប្រឹងប្រែងបើកទីផ្សារថ្មីៗសម្រាប់នាំចេញអង្ករទៅទីផ្សារអន្តរជាតិ។
កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះ នឹងជំរុញឱ្យកម្ពុជាក្លាយទៅជាប្រទេសដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិក្នុងការនាំចេញអង្ករ ដែលថ្នាក់ដឹកនាំយើងប្រសិទ្ធនាមថាជា មាស ស៕