អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ អេចប្រេស បានផ្ញើសារថ្លែងអំណរគុណដល់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដែលបានចេញសេចក្តីសម្រេចតែងតាំងរូបលោក ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង បានចេញសេចក្តីសម្រេចតែងតាំង អ្នកឧកញ៉ា សួរ វីរៈ ជាទីប្រឹក្សាជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា សម្រាប់អាណត្តិទី៥ កាលពីថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ក្រោយទទួលបាននូវការតែងតាំងដ៏មានកិត្តិយសនេះ អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ បានបង្ហោះសារថ្លែងអំណរគុណលើទំព័រហ្វេសប៊ុកផ្លូវការបែបនេះថា៖ “ខ្ញុំបាទសូមអរគុណចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានផ្តល់ការទុកចិត្តដល់រូបខ្ញុំបាទ”។
អ្នកឧកញ៉ាម្ចាស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ ជាអ្នកជំនួញពហុវិស័យមួយរូប តែងមានភាពច្នៃប្រឌិត និងគិតពីផលប្រយោជន៍សម្រាប់សង្គមជាតិ។ គោលដៅធំបំផុតរបស់អ្នកឧកញ៉ា គឺចូលរួមបង្កើតផលិតផលទេសចរណ៍ ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជា ជួយលើកកម្ពស់ជីវភាពរបស់ប្រជាជន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។
សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វីរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រសម្ព័ន្ធដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុងប្រទេសតាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea និងសណ្ឋាគារ រីសតជាង ១០កន្លែង ព្រមទាំងកំពុងមានគម្រោងថ្មីៗបន្ថែមទៀតដូចជា ការនាំយកនូវរថយន្តត្រជាក់រាប់រយគ្រឿងសម្រាប់ដឹកបន្លែផ្លែឈើទៅកាន់ប្រទេសចិន ការបង្កើតរោងចក្រជីកសិកម្ម និងការបង្កើតស្ថានីយសាករថយន្តអគ្គីសនីទាំង ២៥រាជធានី ខេត្តផងដែរ៕
