ឧកញ៉ាបណ្ឌិត គីម ហ៊ាង បង្ហើបពីគម្រោងសាងសង់ទីក្រុងសំណាង ដែលមានខុនដូ វីឡាលើអាកាស

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហើបពីគម្រោងធំមួយ ដោយសាងសង់ក្រុងសំណាង (SAMNANG TOWN) ដែលរួមមានខុនដូ វីឡាលើអាកាស ផ្ទះអាជីវកម្ម មន្ទីរពេទ្យ ផ្សារ ការិយាល័យ សណ្ឋាគារ និងសាលារៀន ចំនួន ១០កន្លែង នៅក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះថា៖ «តើលោកអ្នកនៅតែស្រលាញ់ រាប់អាន និងគាំទ្រខ្ញុំបាទ គីម ហ៊ាង ឬទេ បើសិនជាខ្ញុំបាទ គីម ហ៊ាង សាងសង់ទីក្រុងសំណាង (SAMNANG TOWN) ដែលរួមមានខុនដូ វីឡាលើអាកាស ផ្ទះអាជីវកម្ម មន្ទីរពេទ្យ ផ្សារ ការិយាល័យ សណ្ឋាគារ និងសាលារៀនអោយបាន ១០ កន្លែងនៅក្នុងរាជធានីភ្នំពេញ?»

លោកឧកញ៉ាបណ្ឌិត យល់ឃើញថា សហរដ្ឋអាមេរិក ចិន រុស្សី អង់គ្លេស និងបារាំង ដែលជាសមាជិកអចិន្រ្ទៃយ៍របស់អង្គការសហប្រជាជន នឹងមិនធ្វើប្រហែសឱ្យកើតមានសង្រ្គាមលោកលើកទី ៣ ជាដាច់ខាត ហើយយើងត្រូវទុកចិត្ត ១០០% លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច និងសង្គមកិច្ច។

ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានគូសបញ្ជាក់បន្ថែមថា បើមានកម្លាំង សូមត្រៀមកម្លាំង បើមានគំនិត សូមត្រៀមគំនិត បើមានលុយ សូមត្រៀមលុយ សម្រាប់លោកអ្នក ដែលចង់ក្លាយជាចំណែកតូច ឬធំណាមួយរបស់ ទីក្រុងសំណាង (SAMNANG TOWN) ឬអាជីវកម្មណាមួយរបស់លោកឧកញ៉ា ព្រោះដំណឹងល្អធំមួយ នឹងត្រូវប្រកាសនៅចុងឆ្នាំ ២០២៥ ខាងមុខនេះ។

សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ រីឯក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ៕