អ្នកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រគល់រថយន្ត Toyota Hilux ស៊េរីឆ្នាំ២០២៥ ថ្មីសន្លាង ជាលើកទី៥ ចំនួន ២គ្រឿង ដល់បុគ្គលិកឆ្នើម ២នាក់ បន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងចំពោះកិច្ចខិតខំប្រឹងប្រែងកសាងស្នាដៃ និងផលិតភាពការងារខ្ពស់ដល់ស្ថាប័ន។

ថ្លែងលើបណ្ដាញសង្គមផ្ទាល់ខ្លួន អ្នកឧកញ៉ា មានប្រសាសន៍ថា៖ ថ្ងៃនេះបានផ្ដល់រថយន្ត ២គ្រឿង ជូនបុគ្គលិកឆ្នេីម ២នាក់ បន្ថែមទៀត ជាលេីកទី៥ បុគ្គលិកមានស្នាដៃ មានផលិតភាពការងារខ្ពស់ឱ្យស្ថាប័ន គួរត្រូវបានលេីកទឹកចិត្ត ព្រោះស្ថាប័នរីកចម្រេីនទៅបាន ក៏ដោយសារមានការចូលរួមពីបុគ្គលិកខ្លាំងជាចាំបាច់ ។

អ្នកឧកញ៉ា ហេង បូរិន ថ្លែងបន្ថែមថា “ការងារណាក៏ដោយ គ្មានលទ្ធផលល្អណាមួយ បានមកដោយមិនមានការខិតខំប្រឹងប្រែងនោះទេ។ ពេលអ្នកយកចិត្តទុកដាក់ ខិតខំបំពេញការងារអ្នកឱ្យបានល្អ នោះសមិទ្ធផលល្អអស្ចារ្យជាច្រេីន នឹងតម្រង់ជួររង់ចាំអ្នក ស្នាដៃ ល្អ រួមចំណែកជាមួយ ក្រុមហ៊ុន”។ ក្នុងន័យនេះ អ្នកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ក៏សូមលើកទឹកចិត្តដល់បុគ្គលិកទាំងអស់ ដែលកំពុងបំពេញការងារ ភារកិច្ចជូនស្ថាប័នរបស់ខ្លួន សូមបន្តប្រឹងប្រែងឱ្យអស់លទ្ធភាព នោះរឿងល្អៗលទ្ធផលដ៏ត្រចះត្រចង់ នឹងរងចាំយើងជាក់ជាមិនខាន។
សូមជម្រាបថា ក្រៅពីការលើកទឹកចិត្តបុគ្គលិកគ្រប់ជាន់ថ្នាក់ តាមគ្រប់រូបភាព អ្នកឧកញ៉ា ហេង បូរិន ដែលមានតួនាទីជាសមាជិកសកម្មសមាគមឧកញ៉ាកម្ពុជា និងតែងតែបង្ហាញខ្លួន ក្នុងសកម្មភាពចុះជួយសង្គម ការងារសប្បុរធម៌ និងទទួលបានការកោតសរសើរ និងមេដាយលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាលផងដែរ។ ជាសហគ្រិនក្នុងស្រុកមួយរូប និងមានក្រុមហ៊ុបុត្រសម្ព័ន្ធជាច្រើនក្នុងដៃ ផងនោះ អ្នកឧកញ៉ា បាននឹងកំពុងបន្តសកម្មភាពវិនិយោគ និងផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់បុគ្គលិក។ អ្នកឧកញ៉ា ហេង បូរិន តែងតែប្រកាន់ខ្ជាប់ខ្ជួន នូវគោលការណ៍ប្រចាំជីវិតផ្ទាល់ខ្លួន ចំនួន ៤ នោះគឺ “ស្មោះត្រង់ ទៀងទាត់ ត្រឹមត្រូវ និងច្បាស់លាស់” ៕








