អ្នកឧកញ៉ា សួរ វីរៈ យល់ថាក្រោយពេលមានបញ្ហាព្រំដែន កម្ពុជាគួរតែមានរោងចក្រកសិឧស្សាហកម្មឱ្យបានច្រើន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស យល់ឃើញថា ក្រោយពេលមានបញ្ហាព្រំដែនជាមួយប្រទេសថៃ កម្ពុជាគួរតែមានរោងចក្រកសិឧស្សាហកម្មឱ្យបានច្រើន ដើម្បីអាចផលិតកែច្នៃវត្ថុធាតុដើម ពិសេសកសិផលរបស់ប្រជាកសិករ ដើម្បីអាចរក្សាទុកបានយូរ និងអាចនាំចេញទៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់ ឧកញ៉ាញូស៍ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា មុនមានបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រជាកសិករកម្ពុជា តែងលក់ផ្លែល្ពៅទៅកាន់ប្រទេសថៃ ប៉ុន្តែដោយសារមានបញ្ហាព្រំដែនជាថៃនៅឆ្នាំនេះ ទើបធ្វើឱ្យផ្លែល្ពៅរបស់ប្រជាកសិករនៅខេត្តព្រះវិហារ មានបញ្ហាទីផ្សារ។

«យើងសង្ឃឹមថា នៅពេលដែលមានបញ្ហាព្រំដែនកម្ពុជា-ថៃ បែបនេះ គឺជាបទពិសោធន៍ ខ្ញុំគិតថាយើងគួរតែមានជាកសិឧស្សាហកម្ម ដើម្បីរក្សាស្ថេរភាពផ្លែល្ពៅកម្ពុជា។ ច្បាស់ណាស់ វត្ថុធាតុដើម យើងមិនអាចរក្សាទុកបានយូរនោះទេ»។ អ្នកឧកញ៉ាអគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបញ្ជាក់។

ល្ពៅ គឺជាបន្លែមួយប្រភេទ ដែលមានអត្ថប្រយោជន៍ជាពិសេសចំពោះសុខភាព ដែលអាចយកមកធ្វើសម្រាប់មុខម្ហូបមួយចំនួន ឬធ្វើជាបង្អែម។ ផ្លែល្ពៅ សម្បូរដោយសារធាតុចិញ្ចឹមជាច្រើន ដូចជាពពួកវីតាមីន និងរ៉ែផ្សេងៗមានដូចជាវីតាមីន A វីតាមីន C វីតាមីន E។ យ៉ាងណាមិញ ផ្លែល្ពៅក៏អាចផលិតជាផលិតផលកែច្នៃមួយចំនួនបានផងដែរ។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ បានបន្តជួយប្រមូលទិញផ្លែល្ពៅពីប្រជាកសិករខេត្តព្រះវិហារ ដោយដឹកជញ្ជូនតាមរថយន្តដឹកជញ្ជូនទំនើបខ្នាតធំ សរុបចំនួនប្រមាណជិត ៣០០តោន បន្ថែមទៀត ដើម្បីចែកចាយដល់ផ្សារទំនើប និងលក់បន្តនៅតាមសាខាក្រុមហ៊ុន វិរៈ ប៊ុនថាំ ជូនបងប្អូនជនរួមជាតិ៕