អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង នាំយកថវិកាមូលនិធិស៊ីធីអិន (CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិជាង ៥០ម៉ឺនដុល្លារ ប្រគល់ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត

ជុំវិញ​ឧកញ៉ា

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជានិង ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ និងថ្នាក់ដឹកនាំ នៃមូលនិធិ ស៊ីធីអិន (CTN) ទ្រទ្រង់ការពារព្រំដែនជាតិ បានចូលជួបសម្តែងការគួរសម និងគោរពប្រគល់ជូនថវិកាមូលនិធិ ស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ចំនួនជាង ៥០ម៉ឺនដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលនិធិ ស៊ីធីអិនទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ត្រូវបានរៀបចំឡើងដោយធ្វើការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងរយៈពេល ១៧ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី១១ មិថុនា ឆ្នាំ ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងអង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលកន្លងមក។

ក្នុងឱកាសជួបសម្តែងការគួរសមនេះ អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា៖ “បណ្តាញផ្សព្វផ្សាយ CBS ជាញឹកញាប់ យើងខ្ញុំតែងតែផ្សារភ្ជាប់អាជីវកម្មទាំង នោះជាមួយនឹងការងារជួយដល់សង្គមជាតិជាបន្តបន្ទាប់ ដូចជា៖ ការបង្កើតមូលនិធិជីកអណ្តូងទឹកជូនប្រជាពលរដ្ឋ នៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវ, មូលនិធិកសាង និងជួសជុលដំបូលសាលារៀន, មូលនិធិប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី, មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា ចំនួនពីរលើក, មូលនិធិកាបូបនៃក្តីសង្ឃឹម, មូលនិធិជួយជនរងគ្រោះរត់ជាន់គ្នានៅកោះពេជ្រ, មូលនិធិមន្ទីរពេទ្យកុមារអង្គរ និងមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ជាដើម។ ជាមួយគ្នានោះក្នុងរយៈពេលជាង ២០ឆ្នាំ នៃអាជីវកម្មបណ្តាញផ្សព្វផ្សាយ, យើងខ្ញុំក៏បានចូលរួមសហការគ្នាជាមួយស្ថាប័នរដ្ឋ និង ឯកជនជាច្រើនផ្សេងៗទៀត ដើម្បីរួមចំណែកជួយនៅក្នុងកិច្ចការងារសង្គមនានាបន្ថែមទៀតផងដែរ”។

អ្នកឧកញ៉ា បានបន្តថា៖ “ដោយឡែកពាក់ព័ន្ធនឹង មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិនេះ ត្រូវបានបង្កើតឡើងភ្លាមៗ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា ដោយបានសហការជាមួយសមាគមសិល្បករខ្មែរ, ក្រុមហ៊ុន សែលកាត, និងធនាគារ វីង ដើម្បីកៀរគរថវិការួមចំណែកជួយដល់កងទ័ព ដែលកំពុងឈរជើងការពារដែនអធិបតេយ្យ បូរណភាព ទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សរុបមក នៅក្នុងរយៈ ១៧ថ្ងៃ នៃដំណើរផ្សាយផ្ទាល់នោះ មូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបាន ទទួលថវិកាសរុបចំនួន ៥០០,២១៦ ដុល្លារសហរដ្ឋអាមេរិក (ហាសិបម៉ឺន ពីររយដប់ប្រាំមួយដុល្លារសហរដ្ឋអាមេរិក)។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអ្នកឧកញ៉ា គិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ដែលបានរៀបចំមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារជាតិនេះ ជាពិសេសការចូលរួមពីសាធារណជន ក្នុងនាមជាពលរដ្ឋចូលរួមខឿនការពារជាតិ ។ សម្តេចបវរធិបតីក៏បានអរគុណ ដល់សមាគមសិល្បករខ្មែរ ដែលបានដឹកនាំ សិល្បករ សិល្បការិនីប្រមាណ ១៥០នាក់ ចុះទៅសំណេះសំណាល និងសួរសុខទុក្ខបងៗកងទ័ពនៅ តាមបន្ទាត់ព្រំដែន ក្នុងខេត្តព្រះវិហារ នាពេលកន្លងមកផងដែរ៕