ថ្មីៗនេះ លោកឧកញ៉ា ខេមរៈ សិរីមន្ដ ដែលជាតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានប្រកាសថត MV បទ «មនសិការខ្មែរ» គឺមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបទនេះលោកឧកញ៉ា បានបង្កើបថា ធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ដដល់កងទ័ពជួរមុខ។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោកឧកញ៉ា ខេមរៈ សិរីមន្ដ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហោះរូបជាច្រើនសន្លឹកដែលបង្ហាញពីការក្រុងពាលី ដើម្បីបួងសួងដល់បុព្វបុរសគ្រប់ជំនាន់ វត្ថុស័ក្ដិសិទ្ធិទាំអស់ជួយដល់កងទ័ពរបស់កម្ពុជាឈ្នះអស់មាសត្រូវ និងសកម្មភាពថត MV បទ «មនសិការខ្មែរ» ដែលគ្រាន់តែមើលរូបភាព ធ្វើឱ្យមហាជនគ្រប់គ្នាព្រឺសម្បុរតែម្ដង។
បន្ទាប់ពីឃើញសកម្មភាព អង់អាច ក្លាហានក្នុងការថត MV អមដោយការបង្ហាញអត្ដសញ្ញាណជាតិខ្មែរនេះ បងប្អូនមហាជនបានលើកឡើងបង្ហាញពីអារម្មណ៍រំភើប ត្រេកអរ មានមោទនភាពយ៉ាងខ្លាំង ដោយមានអ្នកខ្លះ លើកឡើងថា« ខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបងប្រុងឧកញ៉ាលះបង់ទាំងកាយទាំងចិត្ដធ្វើអ្វីៗដើម្បីជាតិយើង។ បងឧកញ៉ា គឺជានិមិត្ដរូបនៃសិល្បៈជំនាន់ក្រោយ! យើងគាំទ្រជាតិយើងទាំងអស់គ្នា កុំឱ្យខ្មាំងសត្រូវមកមើលងាយប្រទេសយើង»។
បងប្អូនខ្លះទៀត បានលើកឡើងថា «ព្រួញមួយបាញ់បានចាបពីរបង ១, ជួយកម្លាំងផ្លូវចិត្ដបងជួរមុខ ២, ជួយផ្សព្វផ្សាយឱ្យប្រទេសផ្សេងបានដឹងពីអរិយធម៌ វប្បធម៌ខ្មែរ», « គាំទ្រអាយដល ដែលចេញមុខបង្ហាញពីការស្រឡាញ់ជាតិ», «គាំទ្របង ១លាន%»។
មានបងប្អូនមហាជនខ្លះទៀត បានបង្ហាញបំណងឱ្យលោកឧកញ៉ា ខេមរៈ សិរីមន្ដ ទៅថតMV នៅប្រាសាទតាមាន់ធំ កាន់តែអស្ចារ្យ។ ជាមួយគ្នានោះ ហ្វេនៗជាច្រើនពាន់នាក់បានបង្ហាញពីភាពអន្ទះសារចង់ឱ្យ MV បទ «មនសិការខ្មែរ» ចេញឆាប់ៗផងដែរ។
សូមជម្រាបជូនថា ដើម្បីចូលរួមគាំទ្រដល់កងទ័ពជួរមុខដែលកំពុងឈរជើងការពារព្រំដែនពីការឈ្លានពានរបស់សត្រូវ និងការពារដែនអធិបតេយ្យភាពជាតិមិនឱ្យបាត់បង់ គឺបងប្អូនខ្មែរយើងទូទាំងប្រទេសបានចូលរួមគ្រប់សកម្មភាពទាំងអស់ដោយមានទាំងសកម្មភាពដើរថ្មើជើង, ការផ្ដល់ជូនជាសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ, ការច្រៀងចម្រៀងរួមគ្នា និងការសម្ដែងសិល្បៈ ថតបទចម្រៀង និងសកម្មភាពជាច្រើនទៀតផងដែរ៕









