អ្នកឧកញ៉ា ម៉ម វណ្ណឌី ជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និងបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយា អ្នកឧកញ៉ា ទៀង ផល្លា បានជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង និងបានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា អគារទីស្នាក់ការសមាគមអតីតយុទ្ធជនខេត្តបាត់ដំបង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា កសាងដោយ អ្នកឧកញ៉ា ម៉ម វណ្ណឌី។

នាឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងការដឹងគុណចំពោះគុណបំណាច់របស់អតីតយុទ្ធជន ដែលបានតស៊ូគ្រប់ដំណាក់កាលដែលប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់នូវសង្គ្រាម បូករួមទាំងសង្គ្រាមផ្ទៃក្នុង រហូតមកបញ្ចប់សង្គ្រាមដោយជោគជ័យក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្តិភាព ទើបអាចដឹកនាំយុទ្ធជន យុទ្ធនារី ជួយឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពមកទល់ពេលបច្ចុប្បន្ន។

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា រាជរដ្ឋភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា បានបន្តយកចិត្តទុកដាក់ជាប់ជានិច្ច ទាំងការផ្តល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចដោះស្រាយជីវភាពរស់នៅដល់អតីតយុទ្ធជនណាដែលជួបការលំបាក ដើម្បីផ្តល់ផ្ទះ និងដីសម្បទានសង្គមកិច្ចសម្រាប់ជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃឱ្យកាន់តែប្រសើរ។

សូមជម្រាបថា កាលខែមិថុនា ឆ្នាំ២០២៤ អ្នកឧកញ៉ា ម៉ម វណ្ណឌី និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានប្រកាសស្ម័គ្រចិត្តជួយសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តកំពត សម្រាប់មន្ត្រីបម្រើការងារក្នុងការផ្តល់សេវា និងដោះស្រាយបញ្ហាជូនបងប្អូនអតីតយុទ្ធជន និងគ្រួសារពលីមរណៈកាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះ កាលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ អ្នកឧកញ៉ា និងភរិយា ក៏បានជួយសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តរតនគីរី និងបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់បើកការដ្ឋានជាផ្លូវការផងដែរ៕