ឧកញ៉ា តាន់ មុនីវណ្ណ ចូលរួមពិធីសម្ពោធពិព័រណ៌ឧស្សាហកម្មគ្រឿងយន្កកម្ពុជា-អន្តរជាតិលើកទី៩ និងពិព័រណ៌ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជា-អន្តរជាតិ លើកទី៩

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស ពិធីបើក «សម្ពោធជាផ្លូវការនៃពិព័រណ៌ឧស្សាហកម្មគ្រឿងយន្កកម្ពុជា-អន្តរជាតិលើកទី៩ (CIMIF2025) និងពិព័រណ៌ឧស្សាហកម្មសម្លៀកបំពាក់ និងវាយនភ័ណ្ឌកម្ពុជា-អន្តរជាតិ លើកទី៩(CTG2025)» នៅសាលពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធជាផ្លូវការនៃពិព័រណ៌ទាំងពីរនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ដ្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ពិព័រណ៍នេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត, រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯឧត្តមរដ្ឋលេខាធិការមកក្រសួងពាក់ព័ន្ធ សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សមាគមធុរកិច្ច-វិនិយោគ, ក្រុមហ៊ុនតាំងពិព័រណ៌ អ្នកជំនួញ និងភ្ញៀវជាតិ-អន្តរជាតិជាច្រើន។

សូមជម្រាបជូនថាពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ ហើយពិព័រណ៍នឹងនាំយកមកនូវក្រុមហ៊ុនល្បីៗ អ្នកជំនាញផ្នែកឧស្សាហកម្ម អ្នកជំនាញច្នៃប្រឌិត និងវិនិយោគិនជាច្រើន ដើម្បីចូលរួម នឹងស្វែងយល់អំពីវិស័យឧស្សាហកម្មនៅកម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់។

ក្នុងព្រឹត្តការណ៍ពិព័រណ៍នេះ ក៏មានការបង្ហាញពីបច្ចេកវិទ្យាម៉ាស៊ីនឧស្សាហកម្មស្វ័យប្រវត្តិថ្មីៗ ដំណោះស្រាយផ្នែកសម្លៀកបំពាក់ និងវាយនភណ្ឌប្រកបដោយចីរភាព ដែលស្របតាមនិន្នាការ ទីផ្សារពិភពលោក បូករួមជាមួយវេទិកា ក៏ដូចជាសិក្ខាសាលាឧស្សាហកម្មជាច្រើន ដែលនឹងផ្តល់ឱកាសដល់ភ្ញៀវចូលរួម ក្នុងការយល់ដឹងអំពីនិន្នាការសំខាន់ៗ និងកិច្ចពិភាក្សាលម្អិត។

ជាមួយគ្នានេះផងដែរ ពិព័រណ៍នេះ នឹងរួមបញ្ចូលនូវឱកាស ក្នុងការចាប់ដែគូអាជីវកម្ម បណ្តាញទំនាក់ទំនងយ៉ាងទូលំទូលាយ ដើម្បីផ្សាភ្ជាប់ជាមួយម្ចាស់ក្រុមហ៊ុន អ្នកសម្រេចចិត្តសំខាន់ៗ ព្រមទាំងបង្ហាញបច្ចេកវិទ្យា ផលិតដោយភាពច្នៃប្រឌិតចុងក្រោយដោយផ្ទាល់។ ពិសេសបានជួបជាមួយក្រុមហ៊ុន អ្នកតាំងពិព័រណ៍ពីជុំវិញពិភពលោក និងអ្នកជំនាញឧស្សាហកម្ម CIMIF និង CTG ២០២៥ នឹងក្លាយជាទិសដៅសំខាន់សម្រាប់អាជីវកម្មក្នុងវិស័យឧស្សាហកម្ម និងវាយនភណ្ឌរបស់កម្ពុជា៕