អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិការរួម ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

ជុំវិញ​ឧកញ៉ា

នាល្ងាចថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ចុះហត្ថលេខាលើសេចក្តីប្រកាសកិច្ចសហប្រតិបត្តិរួម ជាមួយ ដាតុ តូនី ឡយ (Tony Looi) ប្រធានសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដើម្បីបង្កើតក្របខណ្ឌផ្លូវការនៃសភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខានេះ ប្រឹព្រឹត្តទៅក្នុងអំឡុងពេលនៃ ពិធីជប់លៀងអាហារពេលល្ងាច ដែលមានការអញ្ជើញរួមពី ឯកឧត្តម សាហារូឌីន អន (Shaharuddin Onn) ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងធុរជនទាំងពីរប្រទេស។ សេចក្តីប្រកាសនេះ បញ្ជាក់កាន់តែច្បាស់អំពីបំណងប្រាថ្នារួម ក្នុងការតភ្ជាប់សហគមន៍ធុរកិច្ចកម្ពុជា និងម៉ាឡេស៊ី និងជាចំណុចចាប់ផ្តើមនៃភាពជាដៃគូយូរអង្វែងរវាងសភាពាណិជ្ជកម្មទាំងពីរ។

ថ្លែងក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង មានប្រសាសន៍ស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ដែលដឹកនាំដោយ ដាតុ តូនី ឡយ និងបានគូសបញ្ជាក់អំពីកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងសភាពាណិជ្ជកម្មទាំងពីរ។ អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់ថា ពិធីជប់លៀង និងពិធីចុះហត្ថលេខានាល្ងាចនេះ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ នាពេលអនាគត។

អ្នកឧកញ៉ាប្រធាន បានលើកឡើង អំពីសក្តានុពលសេដ្ឋកិច្ចកម្ពុជា និងទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងម៉ាឡេស៊ី។ អ្នកឧកញ៉ាប្រធាន លើកទឹកចិត្តវិនិយោគិនម៉ាឡេស៊ី បន្តវិនិយោគនៅកម្ពុជា និងស្វាគមន៍សារជាថ្មីគណៈប្រតិភូសភាពាណិជ្ជកម្មចិនម៉ាឡេស៊ី ពីគ្រប់វិស័យ រួមមាន៖ សំណង់ អចលនទ្រព្យ ម្ហូបអាហារ ភេសជ្ជៈ បច្ចេកវិទ្យាព័ត៌មានវិទ្យា ពាណិជ្ជកម្ម និងសេវាកម្ម។ អ្នកឧកញ៉ាប្រធាន សង្កត់ធ្ងន់ថា ផ្អែកលើនិន្នាការបច្ចុប្បន្ន និងស្ថានភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ពេលនេះ គឺជាពេលវេលាដ៏សមស្របបំផុត សម្រាប់វិនិយោគិនម៉ាឡេស៊ីចាប់យកឱកាសវិនិយោគនៅកម្ពុជា។

កម្មវិធី បានបញ្ចប់ទៅក្នុងបរិយាកាសរីករាយ ស្និទ្ធស្នាល ជាភាតរៈ។ អង្គពិធីទាំងមូល សាទរចំពោះទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរដែលកាន់តែរឹងមាំឡើងជាលំដាប់ ក៏ដូចជា សាទរចំពោះកិច្ចសហប្រតិបត្តិរួមនាពេលអនាគត៕