អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ទំនិញដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ បានដឹកឆ្លងតាមខេត្តស្ទឹងត្រែង មិនមែនជាទំនិញរបស់ថៃ នោះទេ ប៉ុន្តែជាទំនិញដឹកមកពីប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ។

ការលើកឡើងរបស់អ្នកឧកញ៉ា សួរ វីរៈ ខាងលើនេះ គឺបន្ទាប់ពីមានមតិមួយចំនួនលើបណ្តាញសង្គម បានចោទប្រកាន់ថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ គឺជាក្រុមហ៊ុនដែលបានដឹកជញ្ជូនទំនិញពីប្រទេសថៃ ពីច្រកព្រំដែនឡាវ ចូលមកប្រទេសកម្ពុជា តាមខេត្តស្ទឹងត្រែង។
ចំពោះបញ្ហានេះ អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្រាប់ ឧកញ៉ាញូស៍ នៅថ្ងៃពុធនេះដូច្នេះថា៖ “ទំនិញដែលឆ្លងពីខេត្តស្ទឹងត្រែង ដូចគ្រប់គ្នាបានដឹងហើយថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានរថយន្តដឹកទំនិញពីកម្ពុជា ទៅប្រទេសចិន និងពីចិនមកកម្ពុជា ដោយឆ្លងកាត់ប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែង។ អ្វីដែលបងប្អូនបានឃើញរថយន្តមួយរយៈក្រោយនេះ គឺរថយន្តដឹកទំនិញពីប្រទេសចិន ឆ្លងកាត់ប្រទេសឡាវ មកកាន់ខេត្តស្ទឹងត្រែងកម្ពុជាយើងទេ”។
អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមទៀត ទោះយ៉ាងណា មុននឹងព្រំដែនកម្ពុជា-ថៃ បានបិទ ទំនិញដែលក្រុមហ៊ុនបានទទួលរួចមកហើយ គឺក្រុមហ៊ុននាំយកតែមួយជើងពីរជើងចេញទៅតាមខេត្តស្ទឹងត្រែងនេះទេ។ មកដល់ពេលនេះ វិរៈ ប៊ុនថាំ ក៏មិនមានទំនិញណាខ្នាតធំនៅប្រទេសថៃទៀតដែរ។ កន្លងមក ក្រុមហ៊ុន វិរៈ ប៊ុនថាំ ទទួលទំនិញបញ្ញើពីថៃ ភាគច្រើនជាទំនិញលក់អនឡាញ ជាទំនិញតូចៗ ហើយក្រុមហ៊ុនមិនមានរថយន្តកុងតឺណឺណាដឹកឆ្លងមកទេ។ បច្ចុប្បន្ននេះ មានការគាំទ្រផលិតផលខ្មែរច្រើន និងពុំមានការទិញទំនិញអនឡាញថៃច្រើនទៀតនោះទេ ដូច្នេះគ្មានហេតុផលណា ដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ ត្រូវដឹកទំនិញនាំចូលពីប្រទេសថៃទៀតនោះទេ។
សូមជម្រាបថា បន្ទាប់មានបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការនាំចូលបន្លែ ផ្លែឈើ អគ្គិសនី ប្រេងឥន្ទនៈ និងឧស្ម័នពីប្រទេសថៃ។ លើសពីនេះ ក្រោយសភាពការណ៍កាន់តែធ្ងន់ធ្ងរ ឈានដល់ផ្ទុះអាវុធខ្លាំងក្លានៅតាមព្រំដែន កម្ពុជា-ថៃ ក៏បានបិទច្រកព្រំដែនគោកទាំងស្រុង រហូតមកទល់បច្ចុប្បន្ននេះ៕




