អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ផ្តល់ឱកាសការងារ ជូនប្រជាពលរដ្ឋ កំពុងស្វែងរកការងារធ្វើនៅទូទាំងប្រទេស

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុន ហ៊ួត ជា ខូលអិលធីឌី បានប្រកាសផ្តល់លទ្ធភាពការងារដល់ប្រជាពលរដ្ឋ ដែលគ្មានការងារធ្វើ ទំនេរពីការងារបង្កបង្កើនផល ឬ កំពុងស្វែងរកការងារ បន្ទាប់ពីវិបត្តិកូវីដ-១៩បានអូសបន្លាយមកនេះ។ បងប្អូនដែលកំពុងស្វែងរកការងារធ្វើ អាចអញ្ជើញមកទំនាក់ទំនងសាកសួរព័ត៌មាន និងសម្ភាសការងារបាន នៅគ្រប់សាខាក្រុមហ៊ុន ហ៊ួត ជា ទូទាំងប្រទេស ដោយមិនតម្រូវលើលក្ខខណ្ឌអ្វីច្រើននោះទេ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ល.ខ ងាយៗ គឺតម្រូវឱ្យបងប្អូន មានសុខភាពល្អ មានភាពស្មោះត្រង់ តស៊ូព្យាយាម និងខិតខំប្រឹងប្រែងធ្វើការងារឱ្យបានល្អតែប៉ុណ្ណោះ។ បេក្ខជន ដែលដាក់ពាក្យមកធ្វើការងារ នឹងទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ។ ការប្រកាសផ្តល់ឱកាសការងាររបស់លោកឧកញ៉ា ហ៊ួត ជា បានធ្វើឡើង នៅក្នុងពិធីសម្ពោធសាខាថ្មី ទី៧៣ (ផ្សារកអណ្តើក) ស្ថិតក្នុងឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។

ស្ថាបនិកក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់គ្រឿងសំណង់គ្រប់ប្រភេទនៅកម្ពុជា ឧកញ៉ា ហ៊ួត ជា បានបញ្ជាក់ថា៖ “បងប្អូន កូនក្មួយ ដែលនៅទំនេរ ឬ កំពុងស្វែងរកការងារធ្វើ នៅតាមបណ្តាស្រុក ខេត្តទូទាំងប្រទេស ដែលមានក្រុមហ៊ុន ហ៊ួត ជា បោះទីតាំងនៅជិតនោះ អាចទៅដាក់ពាក្សសុំការងារធ្វើបាន ទាំងស្រី ទាំងប្រុសដោយក្រុមហ៊ុនមានតម្រូវការផ្នែកគណនេយ្យ ទីផ្សារ អ្នកលក់នៅសូលរូម អ្នកបើកបរ និងអ្នកលើកដាក់ជាច្រើននាក់ ដោយមិនគិតពីកម្រិតវប្បធម៌ បទពិសោធន៍ការងារនោះទេ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងទីប្រជុំជន កអណ្តើក អ្នកលឿង ក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងនេះ”។

ទាក់ទិននឹងការបង្កើតសាខាថ្មីៗនេះដែរ ឧកញ៉ា ក៏បានបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយថា លោកបានមើលឃើញថា នៅតាមតំបន់ទីប្រជុំជនជាច្រើនក្នុងខេត្តព្រៃវែង វិស័យសំណង់មានការរីកផុសផុលខ្លាំងមែនទែន។ ប្រជាពលរដ្ឋមានជីវភាពធូធា ហើយចំពោះអ្នកធ្វើអាជីវកម្មលក់ដូរគ្រឿងសំណង់នេះ គឺអាចរកចំណូលបានគាប់ប្រសើរផងដែរ។

លោកបន្ថែមទៀតថា បើទោះជាស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជានៅមិនទាន់ល្អប្រសើរយ៉ាងណាក្តី តែអាជីវកម្មចែកចាយគ្រឿងសំណង់របស់ក្រុមហ៊ុន ហ៊ួត ជា នៅតែមានសន្ទុះការគាំទ្រពីសំណាក់អ្នកប្រើប្រាស់យ៉ាងខ្លាំងគ្រប់រាជធានី ខេត្ត ធ្វើឱ្យក្រុមហ៊ុនបន្តពង្រីកសាខាថ្មីៗរបស់ខ្លួន នៅតាមតំបន់គោលដៅសំខាន់ៗ ក៏ដូចជាទីប្រជុំជននានាទូទាំងប្រទេសបន្ថែមទៀតឱ្យបានគ្រប់តាមផែនការគឺ ១៦៨ សាខា នៅឆ្នាំ២០២២នេះ។


ចំណែក លោក ឈិន អ៊ាម ម្ចាស់សាខាកំពុងត្របែក ក៏បានប្តេជ្ញា នឹងបង្កើនការលក់របស់ខ្លួនឱ្យបានច្រើនជាងសាខាទី១អ្នកលឿងបន្ថែម ដោយសារទីនេះមានប្រជាពលរដ្ឋរស់នៅច្រើន មានការសាងសង់សំណង់លំនៅដ្ឋាន និងអគារតូចធំជាច្រើន។ ពោល គឺលោកតាំងចិត្តថា នឹងបង្ខិតការចែកចាយគ្រឿងសំណង់ឱ្យទៅជិតនិងតម្រូវការរបស់អតិថិជន។ ជាមួយគ្នានោះក៏មានពិធីចែកអំណោយសប្បុរសធម៍ជូនចាស់ជរាក្រីក្រ ចំនួន៥០គ្រួសារ មកពីជុំវិញតំបន់នោះផងដែរ៕