ខេត្តបន្ទាយមានជ័យ៖ អ្នកឧកញ៉ា អុឹង សែ និងលោកជំទាវ អ្នកឧកញ៉ា តាំង វួចឡាយ អគ្គនាយកក្រុមហ៊ុន ភីធីស៊ី គ្រុប (PTC Group) រួមនឹង VELEA Gastropub ដែលជាបុត្រសម្ព័នរបស់ក្រុមហ៊ុន ភីធីស៊ី គ្រុប បានផ្តួចផ្តើមបង្កើត “មូលនិធិ 𝐕𝐄𝐋𝐄𝐀 ស្មារតីជាតិខ្មែររួបរួមគ្នា” ព្រមទាំងសហការី បាននាំយកអំណោយចែកជូនជនភៀសសឹក នៅក្នុងភូមិសាស្ត្រឃុំគោករមៀត និងឃុំបន្ទាយឆ្មារ ស្ថិតនៅក្នុងស្រុកថ្មពួក ដែលជាឃុំ ជាប់នឹងព្រំដែនកម្ពុជា-ថៃ សរុបចំនួន ១,០០០គ្រួសារ កាលថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០២៥។

ពិធីប្រគល់អំណោយនេះ មានការចូលរួមជាអធិបតីភាពពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានថ្លែងអំណរគុណទៅដល់ អ្នកឧកញ៉ា អុឹង សែ អគ្គនាយកក្រុមហ៊ុន PTC និងលោកជំទាវ ដែលបានសហការជាមួយរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលស្រុកថ្មពួក នាំយកអំណោយ មកចែកជូនដល់បងប្អូនជនភៀសសឹក ដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិឃុំគោករមៀត និងឃុំបន្ទាយឆ្មារ។
ឯកឧត្ដម បានបញ្ជាក់ថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែនៅក្បែរបងប្អូនប្រជាពលរដ្ឋជានិច្ច។ សូមឱ្យបងប្អូនជឿជាក់ប្រមុខរាជរដ្ឋាភិបាល ដែលសម្តេច លោកខិតខំប្រឹងប្រែង ដើម្បីធ្វើយ៉ាង ឱ្យបញ្ហាព្រំដែន និងវិលទៅរកសភាពដើមវិញ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុំ រាត្រី និងអ្នកឧកញ៉ា អុឹង សែ ក៏បានផ្តល់ស្បៀង រួមមាន៖ គ្រឿងឧបភោគ បរិភោគ អង្រឹង រួមនឹងថវិកា ជូនដល់កងកម្លាំង ដែលឈរជើងតាមបន្ទាត់ព្រំដែនការពារបូរណភាពទឹកដី ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យផងដែរ៕











រូបភាព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

