ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមសន្និសីទសហគ្រិនវ័យក្មេងរបស់ ACCCIM លើទី១៤ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

សន្និសីទនេះធ្វើឡើងក្រោមមូលបទ ចក្ខុវិស័យយុវជនពិភពលោក ផ្តើមពីអាស៊ាន រីកសាយទូទាំងពិភពលោក និងកិច្ចសន្ទនាសហគ្រិនវ័យក្មេងរវាង អាស៊ាន និងប្រទេសដៃគូ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម YB Steven Sim Chee Keong រដ្ឋមន្ត្រីធនធានមនុស្ស ម៉ាឡេស៊ី។ កម្មវិធីនេះ រៀបចំដោយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី (ACCCIM) និងមានការចូលរួមពីធុរជនពីប្រទេសអាស៊ាន ចិន ជប៉ុន សរុបប្រមាណ ២០០ នាក់។
គួរបញ្ជាក់ថា សន្និសីទ និងកិច្ចសន្ទនានេះ ប្រព្រឹត្តឡើងក្នុងគោលបំណង ពង្រីកទំនាក់ទំនងល្អរវាងធុរជនវ័យក្មេងនៅម៉ាឡេស៊ី និងប្រទេសអាស៊ានផ្សេង ព្រមទាំងចិន និងជប៉ុន ដើម្បីពិនិត្យកាលានុវត្តភាព និងស្វែងរកដៃគូធុរកិច្ច និងសហប្រតិបត្តិការរួមគ្នា។ ក្នុងឱកាសនៃសន្និសីទនេះ សភាពាណិជ្ជកម្មកម្ពុជា ក៏បានចុះអនុស្សារណៈនៃការយោគយល់ជាមួយគណៈកម្មាធិការសហគ្រិនវ័យក្មេង នៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មចិនម៉ាឡេស៊ី ផងដែរ៕









