ទីក្រុងធានជីន ប្រទេសចិន៖ នាព្រឹកថ្ងៃចន្ទ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ អ្នកឧកញ៉ា លី ឃុនថៃ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ធ្វើទស្សនកិច្ច រោងចក្រ សាវមី អ៊ីវី ហាភើ ហ្វេកតូរី (Xiaomi EV Hyper Factory)។

ដំណើរទស្សនកិច្ចនេះ ដើម្បីពិនិត្យមើលដំណើរការផលិតកម្មស្វ័យប្រវត្តិដ៏ទំនើបបំផុត ក្នុងឧស្សាហកម្មយានយន្តអគ្គិសនី និងស្វែងយល់ពីកិច្ចសហប្រតិបត្តិការនាពេលអនាគតលើបច្ចេកវិទ្យា និងការផលិតឆ្លាតវៃ។ ដំណើរទស្សនកិច្ច ប្រព្រឹត្តទៅក្នុងអំឡុងពេលដែលគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចនៅទីក្រុងធានជីន ប្រទេសចិន ដើម្បីចូលរួម កិច្ចប្រជុំកំពូលបូកនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ។
រោងចក្រ សាវមី អ៊ីវី ហាភើ ហ្វេកតូរី (Xiaomi EV Hyper Factory) គឺជារោងចក្រផលិតរថយន្តអគ្គិសនី បំពាក់ដោយបរិក្ខាស្វ័យប្រវត្តិខ្ពស់ក្នុងដំណើរផលិតកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង បញ្ញាសុប្បនិម្មិត ក្នុងនោះដំណើរការផលិតកម្មសំខាន់ៗត្រូវបានគ្រប់គ្រងដោយ មនុស្សយន្ត (Robot) និង យានយន្តបញ្ជាស្វ័យប្រវត្តិ (automated guided vehicles)។ រោងចក្រ បានដាក់គោលដៅផលិតកម្មដែលមានប្រសិទ្ធភាពបំផុត ធ្វើយ៉ាងណាឲ្យផលិតរថយន្តថ្មីបានមួយគ្រឿងក្នុងរយៈពេល ៧៦ វិនាទី៕










