នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥នេះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) បានយាង និងនិមន្តសម្តេចព្រះសង្ឃនាយក និងព្រះសង្ឃទាំងពីរគណ:ចំនួន ១៨អង្គ រៀបចំពិធីប្រុងពាលី និងពុទ្ធាភិសេក តាមបែបព្រះពុទ្ធសាសនា ព្រះពុទ្ធបដិមា កសាងពីស្ពាន់ និងលោហៈ មានកម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន នៅក្នុងអគារអាកាសយានដ្ឋានអន្តរជាតិតេជោ។

ពិធីប្រុងពាលី និងពុទ្ធាភិសេកព្រះពុទ្ធបដិមាដ៏ធំខាងលើនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក មានប្រសាសន៍ថា ព្រះពុទ្ធបដិមានេះ ជាទម្រង់ភ្នេនប្រទានពរ ដើម្បីបង្ហាញពីរចនាបទ វប្បធម៌ និងការលើកតម្កើងព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ។ អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បន្ថែមទៀតថា ការតាំងបង្ហាញព្រះពុទ្ធបដិមានេះ ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាភ្ញៀវដែលឆ្លងកាត់ អាកាសយានដ្ឋាន ជួបតែសេចក្តីសុខសប្បាយ នៅក្នុងការធ្វើដំណើរ។
អ្នកឧកញ៉ា បានបន្ថែមថា ការដាក់តាំងព្រះពុទ្ធបដិមានេះ ដោយសារ កម្ពុជាជាប្រទេសកាន់ព្រះពុទ្ធសាសនា ដូច្នេះហើយ អ្វីដែលធ្វើនៅអាកាសយានដ្ឋាននេះ គឺស្ថិតក្នុងរាល់រចនាបថ យកតាមប្រពៃណី និងវប្បធម៌ខ្មែរសុទ្ធសាធទាំងអស់ ដើម្បីតម្កល់ក្នុងអាកាសយានដ្ឋានថ្មីនេះ។
អ្នកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ដែរថា ក្រៅពីព្រះពុទ្ធបដិមាធំនេះ ក៏នឹងមានដាក់តាំងបន្ថែម នូវរូបចម្លាក់រចនាបទបែបខ្មែរផ្សេងៗជាច្រើនទៀត នៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោនេះ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ នឹងដាក់ឱ្យដំណើរការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥។ រីឯពិធីសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕










