អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសំណេះសំណាល ជួបពិភាក្សារវាងអតិថិជន ជាដៃគូសហការចែកចាយ របស់ក្រុមហ៊ុន ជីកសិកម្ម វិរៈ ប៊ុនថាំ ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនវិរៈ ប៊ុនថាំ។

កិច្ចប្រជុំនេះ មានគោលបំណងផ្តល់នូវការយល់ដឹងកាន់តែច្រើនអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ជីសរីរាង្គ ក៏ដូចជាការផ្លាស់ប្តូរការយល់ដឹងអំពីតម្រូវការរបស់អតិថិជន និងតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ និងពង្រីកការផ្គត់ផ្គង់ជីកសិកម្មសរីរាង្គទៅទូទាំងប្រទេស នាពេលឆាប់ៗនេះ។
អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើង កាលពីពេលថ្មីៗនេះថា ក្នុងដំណើរអាជីវកម្មជាង២១ឆ្នាំមកនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាននិងកំពុងបន្តរួមចំណែកលើកកម្ពស់ស្ទើរគ្រប់វិស័យចម្បងៗនៅកម្ពុជា រួមមានដូចជា វិស័យដឹកជញ្ជូនអ្នកដំណើរផ្លូវគោក ផ្លូវទឹក រួមទាំងផ្លូវអាកាសក្នុងពេលឆាប់ៗនេះ វិស័យបញ្ញើទំនិញក្នុង និងក្រៅប្រទេស និងទៅកាន់បណ្តាប្រទេសនានាទូទាំងពិភពលោកក្នុងពេលខាងមុខនេះ ហើយក៏មានវិស័យបដិសណ្ឋារកិច្ច ការវិនិយោគលើវិស័យអចលនទ្រព្យ និងវិស័យកសិកម្ម។
សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្កើនក្រុមហ៊ុនថ្មីជាច្រើន ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញក្នុងការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារក្នុងស្រុក និងទូទាំងពិភពលោក។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បានវិនិយោគលើរោងចក្រផលិតជីកសិកម្ម ដែលមានសមត្ថភាពផលិត ជីសរីរាង្គ ជីជន្លេន និងជីគីមីផ្សេងៗទៀតប្រកបដោយគុណភាពខ្ពស់ក្នុងតម្លៃទាប ក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលដល់កសិករក្នុងការស្វែងរកជីទាំង ១២៥០ សាខា ទូទាំងប្រទេសកម្ពុជា សម្រាប់ធ្វើកសិកម្ម និងជួយកាត់បន្ថយការចំណាយថ្លៃដើមដល់ប្រជាកសិករ ហើយក៏បានចូលរួមក្នុងការគាំទ្រផលិតផលក្នុងស្រុក ដែលនឹងជួយជំរុញដល់សេដ្ឋកិច្ចជាតិផងដែរ៕













