ឧកញ៉ា ឡាយ ឈុនហួរ៖ សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម កំពុងខិតខំជំរុញការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសផ្សេងៗបន្ថែម

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា បច្ចុប្បន្នសហព័ន្ធស្រូវអង្ករកម្ពុជា និងក្រសួងពាណិជ្ជកម្ម កំពុងខិតខំធ្វើពិពិធកម្មទីផ្សារជំរុញការនាំចេញអង្ករទៅកាន់ប្រទេសផ្សេងៗបន្ថែមទៀត បន្ទាប់ពីអង្ករកម្ពុជាទទួលបានការគាំទ្រខ្លាំងពី ពលរដ្ឋអាស៊ី ដែលរស់នៅអឺរ៉ុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «យន្តការលើកកម្ពស់ជីវភាពកសិករ តាមរយៈកំណើននាំចេញអង្ករកម្ពុជា» កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ឡាយ ឈុនហួរ បានថ្លែងថា ប្រជាពលដ្ឋអាស៊ីដូចជា កម្ពុជា ចិន វៀតណាមជាដើម ដែលកំពុងរស់នៅតំបន់អឺរ៉ុប បានគាំទ្រជាខ្លាំងលើអង្ករកម្ពុជា ដោយសារតែអង្ករកម្ពុជាមានគុណភាពល្អ និងមានក្លិនក្រអូប ខណៈបច្ចុប្បន្នអង្ករកម្ពុជា ដែលនាំចេញទីកាន់ទីផ្សារអឺរ៉ុប ទទួលបានការលើកលែងពន្ធ EBA ដែលធ្វើឱ្យអង្ករកម្ពុជាមានតម្លៃប្រកួតប្រជែង។

លោកឧកញ៉ាប្រធានសហព័ន្ធ បានបញ្ជាក់បន្ថែមថា នៅក្នុងតំបន់អឺរ៉ុប វត្តមានអង្ករកម្ពុជា មានស្ទើគ្រប់ទីផ្សារ លើកលែងតែប្រទេសខ្លះ ដូចជា សហរដ្ឋអាមេរិក កាណាដា អូស្រ្ដាលីជាដើម ដោយសារពុំមានការផ្សព្វផ្សាយបានទូលំទូលាយ ដូច្នេះហើយពលរដ្ឋអាស៊ីទាំងនោះ នៅតែបន្តប្រើអង្ករដែលមានស្លាកយីហោរបស់ប្រទេសដែលនាំចូលមុនកម្ពុជាដដែល។ ទោះយ៉ាងណា ឧកញ៉ា ឡាយ ឈុនហួរ បានបន្ដថា បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា កំពុងខិតខំធ្វើពិពិធកម្ម បើកទីផ្សារថ្មីៗ ក៏ដូចជាជំរុញការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីឱ្យអង្កររបស់កម្ពុជាមានទីផ្សារកាន់តែច្រើន។

គួររំឭកថា ឧកញ៉ា ឡាយ ឈុនហួរ បានទទួលសំឡេងគាំទ្រជាប់ឆ្នោតជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥ កាលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកឧកញ៉ា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី១ អាណត្តិទី៥ លើកដំបូង ដើម្បីប្រកាសសមាសភាព ពិនិត្យ និងពិភាក្សាលើផែនការគោល ព្រមទាំងផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ៕