អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុនប្រេងឥន្ធនៈ Peace Petroleum Cambodia បានលើកឡើងថា ស្មារតីជាតិនិយម គឺជារឿងល្អសម្រាប់ប្រជាជនខ្មែរគ្រប់រូប ប៉ុន្តែកុំដល់ថ្នាក់ជ្រុលនិយមបំពុលដល់អ្នកដទៃ។

ការលើកឡើងរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ខាងលើនេះ គឺបន្ទាប់ពីមានការបន្តចោទប្រកាន់ ឬមិនទុកចិត្ត ពីអ្នកលេងបណ្តាញសង្គមមួយចំនួន ចំពោះប្រភពនៃការនាំចូលប្រេងរបស់ស្ថានីយប្រេងឥន្ធនៈ Peace ដោយពួកគេទាមទារចង់ឃើញកិច្ចសន្យារបស់ក្រុមហ៊ុនជាដើម។
ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកឧកញ៉ា ទៀ វិចិត្រ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានលើកឡើងថា ស្មារតីជាតិនិយមគឺជារឿងល្អសម្រាប់ប្រជាជនខ្មែរគ្រប់រូប ប៉ុន្តែកុំដល់ថ្នាក់ជ្រុលនិយមបំពុលដល់អ្នកដទៃ។ អ្នកឧកញ៉ា បន្តថា ជាច្រើនលើកច្រើនសារមកហើយ ក្រុមហ៊ុន ភីស តែងតែបង្ហាញថា ក្រុមហ៊ុនបានសហការជាមួយក្រុមហ៊ុនអាមេរិកនាំប្រេងចូល ប៉ុន្តែនៅតែមានអ្នកដែលពុំព្រមទទួលយក ដូច្នេះលោកពុំយល់ថាត្រូវធ្វើបែបណាទៀតនោះទេ។
«ខ្ញុំចង់បញ្ជាក់ថា PTT នៅតែជា PTT ក្រុមហ៊ុន ភីស ជាក្រុមហ៊ុនផ្តាច់ខ្លួន ពុំមានជាប់ពាក់ព័ន្ធជាមួយ PTT ឡើយ ហ៊ុន ១០០% គឺខ្មែរ។ ករណីដូចខមិនមួយចំនួនចង់ឃើញកុងត្រា ឧទាហរណ៍: យើងនាំគ្នាចូលទៅញាំបាយនៅហាងមួយ ហើយយើងស្នើសុំជួបអ្នកលក់សណ្តែក អ្នកលក់ស្ករ អ្នកលក់ទឹកត្រី នេះឬការធ្វើអាជីវកម្ម? ក្រុមហ៊ុន ភីស ពុំមែនជាអ្នកផលិតប្រេងដោយខ្លួនឯងឡើយ គឺត្រូវការពឹងផ្អែកទៅលើការនាំចូល»។ អ្នកឧកញ៉ា បានបន្ថែម។
អ្នកឧកញ៉ា ទៀ វិចិត្រ បានគូសបញ្ជាក់ទៀតថា ក្រលែកទៅមើលក្រុមហ៊ុនលក់ប្រេងមួយចំនួនដែលមិនមែនជាក្រុមហ៊ុនផលិតប្រេងខ្លួនឯង លោកពុំឃើញមានបងប្អូនណាចាប់អារម្មណ៍សួរថា តើក្រុមហ៊ុននោះនាំប្រេងចូលមកពីណា? តើមានក្រុមហ៊ុនណាខ្លះ ដែលបង្ហាញពីប្រភពប្រេងដែលគេទិញនាំចូលមក? ក៏ប៉ុន្តែប្រសិនបើអ្នកជាមន្រ្តី សមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ អ្នកមានសិទ្ធិ ក្រុមហ៊ុន ភីស អាចបង្ហាញជូនបាន ដោយពុំមានអ្វីត្រូវលាក់បាំងនោះទេ។
សូមជម្រាបថា ថ្មីៗនេះក្រុមហ៊ុន PEACE Petroleum Cambodia បានប្រកាសសហការជាមួយក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាម៉េរិក លើការផ្គត់ផ្គង់ប្រេង និងឧស្ម័នគ្រប់ប្រភេទ។ ជាមួយគ្នានេះ កាលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានបង្ហាញរូបភាពរបស់លោក ចូលចាក់សាំងនៅស្ថានីយប្រេងឥន្ធនៈ Peace ជាលើកដំបូងផងដែរ៕




