អ្នកឧកញ៉ា គិត ម៉េង ចាត់តាំងអ្នកឧកញ៉ា ឡាវ កាង ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួម “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” នៅប្រទេសវៀតណាម

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ចូលរួមក្នុង “វេទិការធុរកិច្ចវៀតណាម-កម្ពុជា ឆ្នាំ២០២៥” តបតាមការអញ្ជើញពីសមាគមសហព័ន្ធធុរកិច្ចវៀតណាម-កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការអញ្ជើញចូលរួមធុរជន និងវិនិយោគិនយ៉ាងច្រើនពីប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា វេទិកាធុរកិច្ចនេះរៀបចំឡើងស្របតាម អនុស្សារណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សមាគមសហព័ន្ធធុកិច្ចវៀតណាមកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការចូលរួមជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ជាមួយគ្នានេះ វេទិការនេះ គឺជាកាលានុវត្តភាពសម្រាប់ឱ្យធុរជន និងវិនិយោគិន វៀតណាម និងកម្ពុជា ធ្វើការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មរបស់ខ្លួន ហើយក៏ជាឱកាស ដើម្បីឱ្យប្រទេសទាំងពីរ បានជួបប្រាស្រ័យ ទាក់ទងគ្នាដោយផ្ទាល់ ដើម្បីស្វែងយល់ពីផលិតផល និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគ៕