អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ផលិតផលសាច់បង្កក របស់សហគ្រាស អុឹម សុផាន់ណារិទ្ធ អុឹមផត អុិចផត ឯ.ក របស់អតីតឧកញ៉ា អុឹម សុផាន់ណារិទ្ធ ដែលមានអាសយដ្ឋាននៅផ្លូវលំ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គឺមានស្ថានភាពល្អ ពុំមានសារធាតុហាមឃាត់ទេ។

ក.ប.ប បានឱ្យដឹងថា ក្រោយការចុះពិនិត្យរបស់មន្ត្រីជំនាញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ដែលបានចុះពិនិត្យ ឃ្លាំងស្តុកទុក និងចែកចាយផលិតផលសាច់បង្កក របស់សហគ្រាស អុឹម សុផាន់ណារិទ្ធ អុឹមផត អុិចផត ឯ.ក ជាលទ្ធផលឃើញថា ពុំមានរកឃើញសញ្ញាណនៃសារធាតុគីមីហាមឃាត់ទេ ហើយក៏ពុំមានរកឃើញប៉ារ៉ាម៉ែត្រផ្នែកមីក្រូជីវសាស្ត្រណាមួយ លើសពីកម្រិតកំណត់ដែលបានអនុញ្ញាត និងពុំមានសំណល់ថ្នាំបសុពេទ្យនោះទេ។
សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា លទ្ធផលវិភាគទាំងនេះ ត្រូវបានប្រគល់ជូនក្រុមការងារចម្រុះ ដើម្បីចាត់នីតិវិធីបន្ត។ អគ្គនាយកដ្ឋាន ក.ប.ប ផ្អែកលើបច្ចេកទេសវិជ្ជាជីវៈ និងក្រមសីលធម៌ច្បាស់លាស់ ប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះលទ្ធផលទទួលបានទាំងនេះ និងសូមស្វាគមន៍រាល់ការផ្ទៀងផ្ទាត់នានា ពីមន្ទីរពិសោធន៍ដែលទទួលបានការវាយតម្លៃទទួលស្គាល់ផ្លូវការ (Accredited)។
គួររំឭកថា នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចចម្រុះរួមមាន មន្រ្តីគយចល័តតំបន់១ មន្ត្រី កបប មន្ត្រីនគរបាលសេដ្ឋកិច្ចរាជធានីភ្នំពេញ និងមន្រ្តីមូលដ្ឋាន បានចុះត្រួតពិនិត្យឃ្លាំងរបស់ ឧកញ៉ា អុឹម សុផាន់ណារិទ្ធ ហៅស្រីទូច ដែលនាំជង្គង់មាន់ ស្លាបមាន់ ជើងមាន់មកពីប្រទេសថៃ មានទីតាំងស្ថិតនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជាលទ្ធផល មន្ត្រីជំនាញរកឃើញសាច់ក្លាសេ សរុបចំនួន៣មុខ សាច់មាន់ សាច់ទា សាច់ជ្រូក សរុបចំនួនជាង ២៤៤ តោន។
ក្រោយបែកធ្លាយរឿងខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា អុឹម សុផាន់ណារិទ្ធ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕







