អ្នកឧកញ៉ា ម៉ុង ឫទ្ធី៖ បើទោះបីជាមានផ្ទះរាប់រយខ្នង ក៏យើងមិនអាចនៅផ្ទះម្តងពីរបានដែរ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ បានលើកឡើងថា បើទោះបីជាមានផ្ទះរាប់រយខ្នង ក៏យើងមិនអាចនៅផ្ទះម្តងពីរបានដែរ បើយើងមានឡានរាប់រយគ្រឿងក៏យើងមិនអាចជិះឡានម្តងពីរបានដែរ បើយើងមានមាសប្រាក់លុយកាក់រាប់រយពាន់លាន ក៏យើងនៅតែហូបមួយចំអែតជាមធ្យម ៣ពេលក្នុង១ថ្ងៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ដោយបង្ហោះរូបភាពអំឡុងពេលទទួលទានអាហារពេលល្ងាចមួយកន្លែងជាមួយលោកជំទាវ អ្នកឧកញ៉ាបានឧទាហរណ៍ថា ជាក់ស្តែងសម្រាប់អាហារពេលល្ងាចនេះ លោកប្រថុយចូលហាងបារាំង ពីរនាក់លោកជំទាវប្រហុក។ អ្នកឧកញ៉ា បន្ថែមបែបនេះថា៖ “ខ្ញុំហូបបបរសគាត់ហូបមីឆា អស់លុយតែ ១១ដុល្លារ២នាក់ប៉ុណ្ណោះ ចង់ហូបម្ហូបឆ្ងាញ់ៗដូចគេដូចឯងដែរ ប៉ុន្តែត្រូវបានពេទ្យហាមមិនអោយហូបទេ។ បើពិចារណាឱ្យស៊ីជម្រៅទៅ ជីវិតកាន់តែអស់ន័យជាបណ្តើរៗទៅហើយ”។

គួររំឭកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា បានធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពិនិត្យសុខភាពផ្ទាល់ខ្លួន។ នៅពេលនោះដែរ អ្នកឧកញ៉ា បានលើកឡើងបែបនេះថា៖ “នៅពេលដែលយើងបានឡើងដេកលើគ្រែពេទ្យនេះហើយ យើងមិនអាចឱ្យប្រពន្ធកូនចៅជាទីស្រឡាញ់ មកដេកនៅលើគ្រែនេះជំនួសយើងបាននោះទេ ហើយបើទោះបីជាយើងមានប្រាក់ច្រើនប៉ុន្មានក៏ដោយចុះ ក៏យើងមិនអាចយកទៅជួលអ្នកណាម្នាក់ ឱ្យមកដេកលើគ្រែពេទ្យនេះជំនួសយើងបានដែរ»។

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងជាសមាជិកព្រឹទ្ធសភា ធ្លាប់បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នលោកមានជំងឺបេះដូងដំណើរការមិនប្រក្រតី។ លោកវេជ្ជបណ្ឌិតបានរៀបចំឱសថឱ្យយកទៅប្រើរយៈពេល២ខែ និងត្រូវវិលត្រឡប់មកព្យាបាលជាថ្មីម្តងទៀត ហើយលោកវេជ្ជបណ្ឌិតបានហាមដាច់ខាតកុំឱ្យធ្វើដំណើរ ចេញឆ្ងាយពីរាជធានីភ្នំពេញ បើមានបញ្ហាក្នុងចន្លោះពេល១ទៅ២ម៉ោង ត្រូវតែមកឱ្យដល់មន្ទីរពេទ្យជាដាច់ខាត៕