ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង និងបុរី ខេអេស រ៉េស៊ីដេន នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហើបពីគម្រោងសាង់សង់ផ្ទះតម្លៃត្រឹម ៩,៩៩៩ដុល្លារ សម្រាប់លក់ជូនមន្ត្រីរាជការ ដែលបម្រើជាតិចាប់ពី ២០ឆ្នាំឡើង ក្នុងលក្ខខណ្ឌដែលមានការជួយគាំទ្របន្ថែមពីស្ថាប័នរដ្ឋ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានបង្ហោះរូបភាពអំពីទម្រង់ការរចនាផ្ទះតម្លៃសមរម្យបំផុតមួយ ភ្ជាប់ជាមួយសារថា ផ្ទះបែបអញ្ចឹង លើដី 4.50m x 22m ទំហំសំណង់ 4.50 x 14m តែមួយជាន់ មាន២បន្ទប់គេង និង១បន្ទប់ទឹក ខាងក្រោយសល់ដី ២ម ខាងមុខសល់ដី ៦ម សម្រាប់ដាក់ឡាន និងម៉ូតូ លើផ្លូវបេតុង ១០ម។ លោកឧកញ៉ាបណ្ឌិត បានបន្តថា បើសង់ម្តង មួយពាន់ផ្ទះ សម្រាប់លក់តាមទីរួមខេត្ត ឬតំបន់ឧស្សាហកម្ម តម្លៃ $25,000 នោះអាចមានអ្នកទិញច្រើន ដោយមានភ្ជាប់មកជាមួយសាលារៀន មន្ទីរពេទ្យ ផ្សារ និងកន្លែងហាត់ប្រាណ។
លោកឧកញ៉ាបណ្ឌិតអគ្គនាយក បានគូសបញ្ជាក់បន្ថែមថា បើចង់លក់តម្លៃត្រឹម ៩,៩៩៩ដុល្លារ ឱ្យមន្រ្តីរាជការគ្រប់ប្រភេទ ដែលបានបម្រើជាតិចាប់ពី ២០ឆ្នាំឡើងទៅ ដោយឱ្យបង់ប្រចាំខែទាំងដើមទាំងការត្រឹម ៩៩ដុល្លារ ក៏អាចធ្វើទៅបាន ក្នុងលក្ខខណ្ឌដែលរាជការជួយផ្តល់ដី ជួយធ្វើហេដ្ឋារចនាសម្ព័ន្ធ ជួយពន្ធ និងអាជ្ញាប័ណ្ណ ដោយទុកឱ្យលោកឧកញ៉ាចេញតែថ្លៃសាងសង់ និងលក់យកចំណេញតិចតូច។
ឧកញ៉ាបណ្ឌិត គីម ហ៊ាង បានថ្លែងប្រាប់ដល់ ឧកញ៉ាញូស៍ បន្ថែមបែបនេះថា៖ “យើងលក់តម្លៃ ៩,៩៩៩ដុល្លារ ជូនដល់មន្រ្តីរាជការបាន លុះត្រាតែរដ្ឋផ្តល់ដីជូនយើង រដ្ឋជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ភ្លើងទឹក អាជ្ញាប័ណ្ណ និងពន្ធ មានន័យថា ដូចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម គឺរដ្ឋជួយសម្រួលដល់ការសាងសង់លក់សម្រាប់មន្ត្រីរាជការ ហើយក្រុមហ៊ុនអាចសាងសង់យកចំណេញត្រឹម ១០% ទៅ ១២% ប៉ុណ្ណោះ។ បើក្រុមហ៊ុនទិញដីខ្លួនឯង និងសាងសង់ខ្លួនឯងទាំងអស់ ទាល់តែតម្លៃ ២៥,០០០ដុល្លារ”៕





