អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា កាលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានបង្ហាញទស្សនៈផ្ទាល់ខ្លួនមួយ អំពីភាពជាអ្នកដឹកនាំ ដើម្បីអាចសម្រេចបានលទ្ធផល ទៅតាមគោលដៅគ្រោងទុក។

ជាទូទៅភាពជាអ្នកដឹកនាំ (Leadership) គឺពិតជាសំខាន់ណាស់ ដែលសំដៅលើបុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការ ព្រមទាំងបង្កើតយុទ្ធសាស្ត្រ ដើម្បីឱ្យអ្នកក្រោមបង្គាប់អនុវត្តតាមមប្រកបដោយប្រសិទ្ធផល និងប្រសិទ្ធភាពនៃការងារ។ នេះជាដំណើរការនៃអ្នកមានឥទ្ធិពលលើសង្គម ដែលមានសមត្ថភាពធ្វើឱ្យអ្នកដទៃបង្កើនការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅណាមួយ។
មិនខុសពីទស្សនៈខាងលើនេះដែរ អ្នកឧកញ៉ា ហេង បូរិន បានចែករំលែកទស្សនៈនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសុក្រម្សិលមិញបែបនេះថា៖ “ភាពជាអ្នកដឹកនាំ គឺត្រូវបង្ហាញផ្លូវ តាមដានបញ្ហា រកវិធីដោះស្រាយបញ្ហា និងពិនិត្យលទ្ធផល យកមកផ្ទៀងផ្ទាត់។ តើសម្រេចបានទៅតាមផែនការគ្រោងទុកឬអត់? ប្រសិនបើមិនបានលទ្ធផលពីព្រោះអ្វី? ហើយបើបាន ត្រូវលើកទឹកចិត្តរបៀបណា?”។
សូមជម្រាបថា អ្នកឧកញ៉ា ហេង បូរិន ជាប្រធានក្រុមប្រឹក្សាភិបាល នាយកប្រតិបត្តិ និងតំណាងភាគហ៊ុនិកនៃក្រុមហ៊ុន ដែលវិនិយោគលើវិស័យហិរញ្ញវត្ថុនិងធនាគារ បច្ចេកវិទ្យា អចលនទ្រព្យ អភិវឌ្ឃន៍លំនៅដ្ឋាន និងដឹកជញ្ជូន។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានផ្ដល់ការងារជាច្រើន ដែលជាការរួមចំណែកបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងសង្គម។ អ្នកឧកញ៉ា គឺជាធុរជនពោរពេញដោយបទពិសោធ និងវិជ្ជាជីវៈខ្ពស់ ដែលបានប្រឡូកក្នុងវិស័យខាងលើអស់រយៈពេលជាច្រើនឆ្នាំ។ លើសពីនេះ អ្នកឧកញ៉ាអាចប្រើប្រាស់ភាសាខ្មែរ និងអង់គ្លេសយ៉ាងស្ទាត់ជំនាញ និងបានបញ្ចប់ការសិក្សាអនុបណ្ឌិតផ្នែកគ្រប់គ្រងផងដែរ៕



