បទពិសោធន៍ជាង ៣០ឆ្នាំ! អ្នកឧកញ៉ា ម៉ុង ឫទ្ធី យល់ថារាជរដ្ឋាភិបាល​តែងចង់ឱ្យតែ​ប្រជាជន​លក់កសិផលបានថ្លៃ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប យល់ឃើញថា រឿងកសិផលឡើងថ្លៃចុះថ្លៃ គឺជារឿងធម្មតា​នៅលើ​ពិភពលោកនេះ មិនអាចបន្ទោសបង្អាប់ទៅលើអ្នកណានោះទេ ហើយចំពោះរាជរដ្ឋាភិបាលក៏តែងចង់ឱ្យតែ​ប្រជាជន​លក់កសិផលបានថ្លៃដូចគ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកឧកញ៉ា បានលើកឡើងបែបនេះថា៖ “តាំង​នាមរូបខ្ញុំ​ជាអ្នកមាន​បទពិសោធន៍​ធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ កសិកម្ម​ កសិឧស្សាហកម្ម​ អស់រយៈ​ពេល​ជាង​ ៣០ឆ្នាំ​កន្លងមកហើយ​ រហូតមក​ដល់ពេល​បច្ចុប្បន្ន​នេះ​ក៏នៅតែបន្ត​ប្រកប​មុខរបរ​នេះ​ដោយមិនបោះបង់​ បើទោះបីជា​ត្រូវ​ជួបឧបសគ្គ​តូចធំ​យ៉ាង​ណាក្ដី​។ ចំពោះរឿង​កសិផល​ឡើងថ្លៃ​ចុះថ្លៃ​វាជារឿង​ធម្មតា​របស់​ពិភពលោក​នេះ​ទៅហើយ​ យើងមិន​អាច​ស្តី​បន្ទោសបង្អាប់​បង្ខូចកេរ្ដិ៍ឈ្មោះ​អ្នកណាបានទេ”។

អ្នកឧកញ៉ា បានបន្តថា បើ​ចំពោះ​រាជរដ្ឋាភិបាល​ចង់ឱ្យតែ​ប្រជាជន​លក់កសិផល​បាន​តម្លៃ​ថ្លៃទេ​ និយាយដោយ​ឡែក​ជាបន្តបន្ទាប់​រហូតមកដល់ពេល​បច្ចុប្បន្ន​នេះ​ លោកបានជួយ​ប្រមូលទិញ​កសិផល​ដូចជាពោត​ ដំឡូងមី​ កន្ទក់​ ចុង​អង្ករ​ ពេលខ្លះ​ជួយទិញ​ស្រូវស្រាល​ យកមកិន​ជា​សម្រូប​ ពី​កសិករ​ប្រមាណ​ជាង​ ៤០លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជារាងរាល់ឆ្នាំ​ សម្រាប់​យកមក​ចូលរោងចក្រ​កែច្នៃ​ធ្វើ​ជា​ចំណី​សត្វ​ ដោយមាន​សាយឡូ​និងឃ្លាំង​សម្រាប់ស្តុក​គ្រាប់​ធញ្ញជាតិ​សរុបប្របាណជា​ ១០០,០០០សែនតោន​។

ជាមួយគ្នានេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានចោទជាសំណួរផងដែរ ដោយលោកបានបន្ថែមថា លោក​មា​ន​ចម្ងល់ជា​ខ្លាំង​ចំពោះ​អ្នក​យកលុយ​ជាច្រើន​មក​ដាក់​តម្រៀប​ថត​បង្ហោះ​ហ្វេសប៊ុក​ ថានឹងយក​លុយនេះមក​ជួយ​ទិញ​ស្រូវ​ពី​កសិករ​ តើពួកគាត់ធ្លាប់មាន​បទពិសោធន៍​បច្ចេកទេស​លើមុខ​របរនេះ​ដែឬអត់ទេ​ ហើយគាត់មាន​ជា​មូលដ្ឋាន​គ្រឹះ​ ដូចជា​ឡសម្ងួត​ សាយឡូ​ ឃ្លាំង​ស្តុក​ ម៉ាស៊ីន​កិនស្រូវ​ និងមានទីផ្សារ​នៅទីណា​? ទោះយ៉ាងណា អ្នកឧកញ៉ា ក៏សូម​អភ័យទោស​ផងដែរ ដែល​លោក​និយាយនេះ​គ្រាន់តែ​ជា​ទស្សនផ្ទាល់ខ្លួន​តែ​ប៉ុណ្ណោះ៕