ពិធីអាពាហ៍ពិពាហ៍កូនប្រុសពៅ ឧកញ៉ា លី ឆេង តំណាងរាស្ដ្រមណ្ឌលរាជធានីភ្នំពេញ, ស្ថាបនិក-អគ្គនាយក នៃប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំឡើងយ៉ាងអធិកអធមទៅតាមប្រពៃណីខ្មែរ ដោយលោកមេបាប្រុសស្រីទាំងសងខាង ថ្នាក់ដឹកនាំ ឥស្សរជន និងអ្នកជំនួញធំៗ បានអញ្ជើញចូលរួមជាកិត្តិយសយ៉ាងច្រើនកុះករ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ម្សិលមិញនេះ។

ពិធីអាពាហ៍ពិពាហ៍នេះ កូនប្រុសនាម លី ប៊ុនឆៃ ជាកូនប្រុសរបស់ លោកឧកញ៉ា លី ឆេង និងកូនស្រីនាម លី លក្ខណា។ លោក លី ប៊ុនឆៃ បច្ចុប្បន្នមានតួនាទីជា អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ហើយត្រូវបានគេស្គាល់ច្បាស់ថាជា លោកគ្រូវិន័យ នៃសាលា ប៊ែលធី អន្តរជាតិ។
សិរីសួស្តីពិធីអាពាហ៍ពិពាហ៍នេះ ធ្វើឡើងក្រោមវត្តមានលោកមេប៉ាតូចធំត្រកូលរាមច្បងទាំងសងខាងយ៉ាងឱឡារិកតាមទំនៀមទម្លាប់ខ្មែរ ដោយរៀបចំគ្រឿងភស្តុភាបណ្ណាការ (ជំនូន) ព្រមទាំងការផ្កាភ្ញីស្រស់ៗជាច្រើនរយទងរំលេចដោយពណ៌ក្រហមស្រស់ និងការរៀបចំតុបតែងក្បាច់រចនាយ៉ាងប្រណិត។
ពិធីមង្គលការរវាងកូនប្រុសស្រីគ្រួសារអភិជនដ៏ធំមួយ នាចុងឆ្នាំ២០២៥នេះ ត្រូវបានអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន, សម្តេចក្រឡាហោម ស ខេង, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនួញធំៗជាច្រើនរូបទៀតផងដែរ៕






























រូបភាព៖ The Ring

