ឧកញ៉ា តាន់ មុនីវណ្ណ ចូលរួមជាអធិបតីក្នុងពិធីសម្ពោធជាស៊េរី “កិច្ចសន្ទនាការនាំចេញ”

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំពិធីសម្ពោធជាស៊េរី “កិច្ចសន្ទនាការ​នាំចេញ”  ក្រោមប្រធានបទ “អនុលោមភាពតាមស្តង់ដារគុណភាពអន្តរជាតិដើម្បីការនាំចេញ” ដែលមានការ​គាំទ្រដោយសហភាពអឺរ៉ុបប្រចាំកម្ពុជា និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា ក្រោមគម្រោង EU-German GATE។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ពិធីសម្ពោធកិច្ចសន្ទនាការនាំចេញនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និង លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការសហភាពអឺរ៉ុប ប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា, តំណាងសភាពាណិជ្ជកម្មខេត្តកំពង់ចាម, តំណាងសភាពាណិជ្ជកម្ម​មណ្ឌលខេត្តកំពង់ធំ-ព្រះវិហារ, តំណាងសភាពាណិជ្ជកម្មខេត្តបាត់ដំបង និង តំណាងសភាពាណិជ្ជកម្មមណ្ឌល​ខេត្តសៀមរាប-ឧត្តរមានជ័យ និង សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ជាច្រើនរូប។

ពិធីខាងលើនេះ ក៏មានការ ចុះហត្ថលេខាលើលិខិតសហប្រតិបត្តិការ រវាងសភាពាណិជ្ជកម្មកម្ពុជា និង ទីភ្នាក់ងារ​អាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ប្រចាំកម្ពុជា។

គោលបំណងនៃការរៀបចំកិច្ចសន្ទនានៃការនាំចេញនេះ គឺផ្តល់ឱកាស និងអត្ថប្រយោជន៍ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងសមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា ដែលមានបំណងស្វែងយល់អំពីការនាំចេញ​ផលិតផលរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិ ហើយក៏ជាឱកាស ទទួលនូវចំនេះដឹង អំពីដំណើរការនាំចេញ និងគន្លឹះជាក់ស្តែងដើម្បីជួយឱ្យអាជីវកម្មការនាំចេញ ប្រព្រឹត្តទៅបានត្រឹមត្រូវ ទាន់ពេលវេលា និងយល់ច្បាស់អំពី​តម្រូវការ​នាំចេញនៅក្នុងទីផ្សារអន្តរជាតិ។

ជាពិសេស កិច្ចសន្ទនានេះ អនុញ្ញាតអោយ អ្នកចូលរួម បានទំនាក់ទំនង​ដោយផ្ទាល់ជាមួយនឹងវាគ្មិនដែលមាន​បទពិសោធន៍ការនាំចេញ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដែលបាន​ជួបប្រទះ​ក្នុងការនាំចេញផលិតផលទៅកាន់​ទីផ្សារអន្តរជាតិ។ លើសពីនេះ អ្នកចូលរួម អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយ​អ្នកចូលរួមដ៏ទៃទៀត ដែលផ្តល់នូវ​លទ្ធភាពក្នុងការសហការគ្នា សម្រាប់ការនាំចេញផលិតផលរបស់ខ្លួន​នាពេល​ខាងមុខ៕