ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ អ្នកឧកញ៉ា គិត ម៉េង បកស្រាយរឿងឧបទ្ទវហេតុខ្សែរថភ្លើងរអិលធ្លាក់ផ្លូវ នៅខេត្តពោធិ៍សាត់ ដែលមតិខ្លះចោទថាដឹកប្រេងឥន្ធនៈពីប្រទេសថៃ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. (Royal Railway Plc.) របស់អ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាស​បញ្ជាក់ជាសាធារណៈ ដោយច្រានចោលទាំងស្រុងនូវការលើកឡើងមួយចំនួន និងចាត់ទុកជា​ព័ត៌មាន​មិនពិត​ឡើយ បន្ទាប់ពីមានការចែករំលែកព័ត៌មាន និងការបញ្ចេញមតិយោបល់​នៅលើ​បណ្តាញសង្គម ពាក់ព័ន្ធនឹងឧបទ្ទវហេតុខ្សែរថភ្លើងរអិលធ្លាក់ផ្លូវនៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការយល់ច្រឡំថា ប្រេងឥន្ធនៈដឹកតាមរថភ្លើងនោះនាំចូលពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. មានខ្លឹមសារទាំងស្រុងបែបនេះថា ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ ម.ក. (Royal Railway Plc.) សូមធ្វើការបញ្ជាក់ជាសាធារណៈ និងផ្តល់ព័ត៌មានច្បាស់លាស់អំពី​ឧបទ្ទវហេតុខ្សែរថភ្លើងរអិលធ្លាក់ផ្លូវ ដែលកើតមាននៅខេត្តពោធិ៍សាត់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ជាដំបូង ក្រុមហ៊ុនសូមធ្វើការបញ្ជាក់ថាឧបទ្ទវហេតុនេះ ពុំមានបង្កគ្រោះថ្នាក់ដល់អាយុជីវិត ឬមានអ្នករងរបួស​នោះទេ។ ក្រុមអ្នកជំនាញបច្ចេកទេសរបស់យើងខ្ញុំបានចុះទៅទីតាំងភ្លាមៗ ដើម្បីធានានូវសុវត្ថិភាពក្នុងបរិវេណ​តំបន់​កើតហេតុ ដើម្បីធ្វើការស៊ើបអង្កេតលើមូលហេតុនៃឧបទ្ទវហេតុ និងចាប់ផ្តើមស្តារឡើងវិញនូវប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ក្រុមហ៊ុន។ ក្នុងនោះផងដែរ សេវាកម្មខ្សែរថដឹកអ្នកដំណើរ ខ្សែរថដឹកទំនិញ និងសេវាកម្មផ្សេងៗ​ទៀតត្រូវបាន​កែសម្រួលតាមតម្រូវការជាក់ស្តែងភ្លាមៗកំឡុងពេលស្តារឡើងវិញ និងបានរួចរាល់ជាស្ថាពរ​នៅយប់ថ្ងៃតែមួយ។

ចំពោះការបញ្ចេញមតិក្នុងបណ្តាញសង្គមថា ប្រេងឥន្ធនៈដែលដឹកជញ្ជូន បាននាំចូលមកពីប្រទេសថៃនោះ ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ ម.ក. សូមធ្វើការបញ្ជាក់យ៉ាងច្បាស់ដូចខាងក្រោម៖

១. គ្មានការនាំចូល ឬដឹកជញ្ជូនប្រេងឥន្ធនៈ ឬទំនិញអ្វីពីថៃឡើយ៖

ចាប់តាំងពីមានជម្លោះកម្ពុជា–ថៃមក ក្រុមហ៊ុនរ៉ូយ៉ាល់ រ៉េលវេ ម.ក. មិនធ្លាប់នាំចូល ឬនាំចេញផលិតផលណាមួយ​ពីប្រទេសថៃ ឬទៅកាន់ប្រទេសថៃឡើយ រួមទាំងប្រេងឥន្ធនៈផងដែរ។ បច្ចុប្បន្ន គ្មានលំហូរដឹកជញ្ជូនតាមផ្លូវដែក​ឆ្លងដែនរវាងប្រទេសទាំងពីរនេះឡើយ។

២. ប្រេងឥន្ធនៈដែលពាក់ព័ន្ធនេះគឺនាំចូលដោយស្របច្បាប់ពីប្រទេសសិង្ហបុរី៖

ប្រេងឥន្ធនៈដែលកំពុងដឹកជញ្ជូននៅលើខ្សែរថដែលជួបឧបទ្ទវហេតុនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនស្របច្បាប់      កម្ពុជាមួយដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ប្រេងឥន្ធនៈនេះត្រូវបាននាំចូលដោយផ្ទាល់ពីប្រទេសសិង្ហបុរី ដោយ​អនុវត្តតាមបទប្បញ្ញត្តិទាំងអស់ និងស្របតាមស្តង់ដារគុណភាព ព្រមទាំងមានឯកសារបញ្ជាក់ច្បាស់លាស់។

៣. ការដឹកជញ្ជូនរបស់រថភ្លើងកម្ពុជាគឺនៅក្នុងប្រទេសតែប៉ុណ្ណោះ៖

តួនាទីរបស់ក្រុមហ៊ុនក្នុងការដឹកជញ្ជូន គឺដឹកជញ្ជូនពីកំពង់ផែព្រះសីហនុ ផ្លូវដែកភាគខាងត្បូង (Southern Line) ទៅកាន់ផ្លូវដែកភាគខាងជើង(Northern Line)។

៤. ការស៊ើបអង្កេតដែលកំពុងដំណើរការ៖

ក្រុមជំនាញផ្នែកបច្ចេកទេស និងសុវត្ថិភាពរបស់យើងកំពុងបន្តការស៊ើបអង្កេតយ៉ាងហ្មត់ចត់ ដើម្បីកំណត់មូលហេតុ​ច្បាស់លាស់នៃការបង្កឱ្យមានឧបទ្ទវហេតុនេះ។ ក្រុមហ៊ុន ប្រកាន់ខ្ជាប់នូវប្រព័ន្ធសុវត្ថិភាពដ៏តឹងរ៉ឹង ហើយយើង​នឹងព្យាយាមបន្ថែមទៀតក្នុងការអនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព ដើម្បីការពារមិនឱ្យមានឧបទ្ទវហេតុ​បែបនេះកើតឡើង​នាពេលខាងមុខទៀត។

៥. កាតព្វកិច្ចឆ្លើយតប៖

យើងយល់ឃើញពីការព្រួយបារម្ភរបស់សាធារណជន និងសូមធ្វើការអរគុណចំពោះការសហការពីអាជ្ញាធរមូលដ្ឋាន និងសមាជិកសហគមន៍ ដែលបានចូលរួមសហការនៅទីតាំងផ្ទាល់។ ក្រុមហ៊ុន រ៉ូយ៉ាល់ រ៉េលវេ ម.ក. យើងខ្ញុំនៅតែ​ប្តេជ្ញា​ចំពោះការទំនាក់ទំនង ដោយភាពត្រឹមត្រូវវប្រកបដោយវិជ្ជាជីវៈ និងប្រតិបត្តិការផ្លូវដែកដែលមានសុវត្ថិភាព និងអាចទុកចិត្តបានសម្រាប់ប្រជាជនទូទាំងប្រទេស៕