ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំបើកកម្មវិធីតាំងពិព័រណ៍ក្រោមប្រធានបទ “ឧស្សាហកម្មសំណង់ – ផលិតភាពកម្ពុជា” កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើន។

កម្មវិធីបើកការតាំងពិព័រណ៍នេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, អ្នកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកពហុពាណិជ្ជកម្ម និងជាសមាជិកក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីប ម៉ុង, ឧកញ៉ា វ៉ាន់ ឆារស៍ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។
កម្មវិធីតាំងពិព័រណ៍ “ឧស្សាហកម្មសំណង់ – ផលិតភាពកម្ពុជា” មានគោលបំណងផ្សព្វផ្សាយ និងលើកស្ទួយ ផលិតផលសំណង់ សម្ភារៈសំណង់ និងបរិក្ខារសំណង់ក្នុងស្រុក ការសិក្សាស្រាវជ្រាវនិងការអភិវឌ្ឍ បច្ចេកទេស និងបច្ចេកវិទ្យាថ្មីៗ រួមទាំងលើកកម្ពស់ទីផ្សារនិងការអភិវឌ្ឍឧស្សាហកម្មសំណង់ ឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មធនាគារ ឧស្សាហកម្មតុបតែងលំអរ ដែលមានការចូលរួមសហការតាំង ពិព័រណ៍ដោយភាគីពាក់ព័ន្ធ ជាច្រើនដូចជាក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនសិក្សាគម្រោងប្លង់ ក្រុមហ៊ុនត្រួតពិនិត្យនិងបញ្ជាក់សំណង់ ក្រុមហ៊ុន ផលិត ផ្គត់ផ្គង់ និងចែកចាយផលិតផលសំណង់ សម្ភារៈសំណង់ បរិក្ខារសំណង់ ឧបករណ៍និងគ្រឿងចក្រសំណង់ សមាគមអ្នកសាងសង់កម្ពុជា សមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា សមាគមអ្នកអភិវឌ្ឍនិង វាយតំលៃ អចលនវត្ថុ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង គណៈវិស្វករកម្ពុជា គណៈស្ថាបត្យករកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាក្នុងវិស័យសំណង់ និងដៃគូជាច្រើនផ្សេងទៀត។
សូមជម្រាបថា ការតាំងពិព័រណ៍ឧស្សាហកម្មសំណង់-ផលិតភាពកម្ពុជា មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង ១០:០០នាទីព្រឹក ដល់ម៉ោង ៧:០០នាទីល្ងាច នៅក្នុងបរិវេណក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថិតនៅដីឡូត៍លេខ២០០៥ ផ្លូវលេខ៣០៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕















