ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានពាំនាំនូវកម្មវិធីប្រកួតផលិតវីដេអូ « វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» ដែលគាំទ្រដោយក្រសួងទេសចរណ៍ នឹងក្លាយជាឱកាសដ៏ពិសេសសម្រាប់បេក្ខជន-បេក្ខនារី ដែលនិយម និងចូលចិត្តផលិតវីដេអូទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិតដើម្បីបញ្ចេញស្នាដៃរបស់ខ្លួនទៅលើការផលិតវីដេអូអំពីសក្តានុពលទេសចរណ៍ នៅក្នុងខេត្តកោះកុង។

តាមការបញ្ជាក់ឱ្យដឹង កម្មវិធីនេះ ធ្វើឡើងនៅក្នុងគោលបំណង ចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងសក្តានុពលទេសចរណ៍នៃខេត្តកោះកុង ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខ ប្រកបដោយភាពសម្បូរបែប ពោរពេញដោយកាលានុវត្តភាព និងភាពកក់ក្ដៅ។
ថ្លែងនៅក្នុងឱកាសប្រកាសបើកជាផ្លូវការ«ពានរង្វាន់ វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម» អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «កន្លងមកវិរៈ ប៊ុនថាំ បានចូលរួមជាច្រើនជាមួយអ្នកបង្កើតមាតិកាវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការចូលរួមផ្សព្វផ្សាយជាមួយគ្នា បង្កើតនូវភាពទាក់ទាញតំបន់ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជាយើង»។

អ្នកឧកញ៉ា បានមើលឃើញថា «ធាតុផ្សំក្នុងវិស័យទេសចរណ៍មានដូចជា ការស្នាក់នៅ វិស័យម្ហូបអាហារ តំបន់ទេសចរណ៍ ការធ្វើដំណើរ ដែលទាំងអស់នេះហើយជាធាតុផ្សំ ក្នុងការទាក់ទាញភ្ញៀវទាំងក្នុង និងក្រៅប្រទេសបាន»។
អ្នកឧកញ៉ា បានបន្ថែមថា កម្មវិធី« វិរៈ ប៊ុនថាំ មាតិកាទេសចរណ៍ឆ្នើម»នេះ គឺជាការបើកឱកាសដល់អ្នកចូលចិត្ដបង្កើតមាតិកាជុំវិញវិស័យទេសចរណ៍ បង្កើតរូបភាពថ្មីៗក្នុងប្រទេសកម្ពុជាយើង ផ្សព្វផ្សាយទៅដល់ប្រទេសដទៃទៀតនៅលើសកលលោក។
អ្នកឧកញ៉ា បានគូសបញ្ជាក់ថា នេះគឺជារដូវកាលទី១ ដែលក្រុមហ៊ុន វិរៈ ប៊ុនថាំ បានបង្កើតមាតិកាទេសចរណ៍នៅក្នុងឆ្នាំនេះ ហើយក៏នឹងមានរដូវកាលទី២ ទី៣ និងទី៤ផងដែរ, ដែលលើកទី១នេះ អ្នកឧកញ៉ា លើកពីខេត្ដកោះកុង ព្រោះថា ខេត្ដកោះកុងមានសក្ដានុពលច្រើនសម្រាប់បង្កើតមាតិកាទេសចរណ៍។
សម្រាប់រដូវកាលទី២ នឹងធ្វើនៅតំបន់សៀមរាប និងបាត់ដំបង។ រដូវកាលទី៣ នឹងធ្វើនៅតំបន់ឆ្នេរ ពីកែប ទៅកំពង់សោម។ រដូវកាលទី៤ នឹងធ្វើនៅប៉ែកឦសាន ដែលមាន រតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។ ទន្ទឹមនឹងនោះ អ្នកឧកញ៉ា ក៏សង្ឃឹមថានឹងមានរដូវកាលទី៥ ដែលគ្រោងនឹងធ្វើទូទាំងប្រទេសតែម្ដង។
សូមជម្រាបជូនថា សម្រាប់បេក្ខជន-បេក្ខនារី ជ័យលាភី នឹងទទួលបានប្រាក់រង្វាន់ជាច្រើនដូចជា៖ ជ័យលាភីលេខ ១ ទទួលបាន $5,000, ជ័យលាភីលេខ ២ ទទួលបាន $1,000, ជ័យលាភីលេខ ៣ ទទួលបាន $500។ លើសពីនេះ ជ័យលាភីទាំងអស់ នឹងទទួលបានការស្នាក់នៅ ជិះឡាន ផ្ញើទំនិញ ដោយឥតគិតថ្លៃផងដែរ៕

















