ម្ចាស់បទ « Don’t Thai To me » វ៉ាន់ ជំនោរ ចេញមុខសុំទោសនិងសាងភាពស្អាតស្អំនូវទង្វើមិនគប្បីចំពោះឧកញ៉ា ព្រាប សុវត្ថិ និង សុវត្ថិ មុនីនាគ

ជុំវិញ​ឧកញ៉ា

ដោយមើលឃើញពីកំហុសឆ្គងរបស់ខ្លួនលោក វ៉ាន់ ជំនោរ ម្ចាស់បទ « Don’t Thai To me » បានចេញមុខសុំទោសជាសាធាណៈនូវទង្វើមិនគប្បីរបស់ខ្លួនចំពោះឧកញ៉ា ព្រាប សុវត្ថិ និងតារាចម្រៀង សុវត្ថិ មុនីនាគ ហៅលោក N.John កាលពីពេលន្លងមកនេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈលិខិតសុំទោសចំពោះលោកឧកញ៉ា ព្រាប សុវត្ថិ , លោក វ៉ាន់ ជំនោរ បានរៀបរាប់ពីសកម្មភាពដែលខ្លួនបានប្រើពាក្យប្រៀបធៀប និងបង្អាប់ប្រមាថមើលងាយ និងអះអាង បំភ្លើសទៅដល់លោកឧកញ៉ានិងក្រុមគ្រួសារ ដែលតាមរយៈសកម្មភាព និងទង្វើរទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស កិត្តិនាមសេចក្តីថ្លៃថ្លូរ និងមុខរបរការងាររបស់សុវត្ថិ មុនីនាគ និងគ្រួសារលោកឧកញ៉ា ព្រាប សុវត្ថិ។

ជាមួយនឹងការដឹងកំហុសនេះ លោក វ៉ាន់ ជំនោរ ក៏បានបង្ហាញការសោកស្ដាយផងដែរ ចំពោះសកម្មភាពទាំងអស់និងទង្វើររបស់ខ្លួនដែលបានប្រព្រឹត្តិកន្លងមក និងទទួលស្គាល់ថា ដោយសារតែខ្លួនមានការយល់ច្រឡំ និងមិនបានគិតគូពិចារណាឱ្យបានវែងឆ្ងាយ។ ក្នុងរឿងនេះ លោក វ៉ាន់ ជំនោរ ក៏បានទទួលស្គាល់កំហុស និងសន្យាថា មិនធ្វើទង្វើណាមួយប៉ះពាល់លោកឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារទៀតនោះទេ។

ជុំវិញរឿងនេះផងដែរ លោកឧកញ៉ា ព្រាប សុវត្ថិ ក៏បានលើកឡើងថា នៅក្នុងនាមជាជនជាតិខ្មែរ មុននឹងខមិន ឬស៊ែអ្វីមួយ ត្រូវភ្ជាប់នូវសីលធម៌ សុជីវធម៌ វប្បធម៌ ដែលទាំងអស់នេះ អាចស្ដែងឡើងនៅសីលធម៌ វប្បធម៌សង្គមរបស់យើងមួយផងដែរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ វិច្ឆិកា កន្លងមក, លោក វ៉ាន់ ជំនោរបានធ្វើការចែករំលែក ស៊ែរ ខមិន បង្ហោះនៅលើបណ្តាញហ្វេសប៊ុក និងយូធូប ដោយបានប្រើពាក្យប្រៀបធៀប និងបង្អាប់ប្រមាថមើលងាយ និងអះអាង បំភ្លើសទៅដល់លោកឧកញ៉ា ព្រាប សុវត្ថិ និងក្រុមគ្រួសារ ដែលទង្វើទាំងអស់នេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្ដិយស កេរ្ដិ៍ឈ្មោះរបស់លោកឧកញ៉ា និងក្រុមគ្រួសារផ្ទាល់តែម្ដង៕