ក្រុមហ៊ុន​ និងសហគមន៍​ ប៉េង ហួត គ្រុប បន្តចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២លានដុល្លារ សម្រាប់កងទ័ពជួរមុខ និងជនភៀសសឹក

ជុំវិញ​ឧកញ៉ា

(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកាសរុបចំនួន ២លានដុល្លារ ដោយក្នុងនោះ ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខ និង១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់ជនភៀសសឹក តាមរយៈសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាការចូលរួមចំណែកលើកទឹកចិត្ត ដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ចំពោះថវិកាដែលចូលរួមបរិច្ចាគខាងលើនេះ គឺជាការចូលរួមបរិច្ចាគជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋខ្មែរភៀសសឹក ហើយថវិកាទាំងនេះមិនត្រឹមតែជាចំណែករបស់បុរី ប៉េង ហួត នោះទេ ប៉ុន្តែជាការចូលរួមចំណែករបស់អតិថិជន ដែលបានទិញផ្ទះ និងជាអ្នករស់នៅក្នុងគម្រោង។ ជាមួយគ្នានេះ បុរី ប៉េង ហួត ក៏បានផ្តល់នូវទីតាំងសម្រាប់អ្នករស់នៅក្នុងគម្រោង អាចបើកទីតាំងសម្រាប់ការប្រមូលសម្ភារៈ គ្រឿងបរិភោគ និងអំណោយផ្សេងៗ សម្រាប់ជួយដល់បងប្អូនជនភៀសសឹកផងដែរ។

ក្នុងស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋទាំងអស់អាចចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់វីរកងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ជាមួយគ្នានេះ​ តំណាងថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង និងសហការី នៃមហាគ្រួសារ ប៉េង ហួត គ្រុប សូមបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ និងឈ្នះអស់ខ្មាំងសត្រូវដែលឈ្លានពានទឹកដីរបស់កម្ពុជា៕