នៅថ្ងៃទី១៨ ខែធ្នូ ជាថ្ងៃទី១៣ ដែលយោធាថៃឈ្លានពានកម្ពុជា, ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវជារឿងសំខាន់ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនគាំទ្រដល់វីរកងទ័ព វីរនគបាលជាតិ និងជនភៀសសឹក។

តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង
គួរឲ្យដឹងថា បន្ទាប់ពីយោធាថៃឈ្លានពានជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែកចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខដើម្បីប្រមូលទិញអំបុក, ប្រមូលត្រីធ្វើងៀត, បាយដំណើមត្រីអាំង, ផលិតទឹក និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ។
ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។ នៅក្នុងកាលៈទេសៈនេះ បេះដូងខ្មែររួមគ្នាជាធ្លុងមួយក្នុងស្មារតីសាមគ្គីភាពកាន់តែរឹងមាំ កាន់តែសំខាន់ក្នុងការចូលរួមរបស់ក្រុមយុវជន គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំ ដើម្បីការពារបូរណភាពទឹកដី៕












