អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប និងជាសហស្ថាបនិកក្រុមហ៊ុន ភីស ភេត្រូលៀម (ខេមបូឌា) បានសង្កេតឃើញថា មួយរយៈពេលចុងក្រោយនេះ ឧកញ៉ាៗមួយចំនួនតូច ត្រូវបានគេស្តីឱ្យញឹកញាប់ណាស់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះឧកញ៉ាល្អៗជាច្រើនរូបទៀត។

បន្ទាប់ពីមានបញ្ហាសង្គ្រាមព្រំដែនកម្ពុជា-ថៃ ប៉ុន្មានខែចុងក្រោយនេះ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ាៗជាច្រើនរូប បានបរិច្ចាគនូវថវិកា និងធនធានផ្ទាល់ខ្លួន ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់វីរៈកងទ័ពជួរមុខ និងបងប្អូនខ្មែរភៀសសឹកជាហូរហែ។ ទោះយ៉ាងណា ក៏មានឧកញ៉ាៗមួយចំនួនតូច បានឆ្លៀតឱកាសនេះ ប្រព្រឹត្តនូវអំពើមិនគប្បី ធ្វើឱ្យមានការរិះគន់លើបណ្តាញសង្គមផងដែរ។
ពាក់ព័ន្ធបញ្ហានេះ អ្នកឧកញ៉ា ទៀ វិចិត្រ បានលើកឡើងលើទំព័រហ្វេសប៊ុក នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បែបនេះថា៖ “មួយរយៈនេះ សង្កេតឃើញថា ឧកញ៉ាៗមួយចំនួនតូច ត្រូវបានគេស្តីឱ្យជាញឹកញាប់ណាស់ ខូចឈ្មោះឧកញ៉ាល្អៗគេអស់ហើយ គួរកែចរិតឈប់ប្រព្រឹត្តអំពើដែលសង្គមគេមិនពេញចិត្តទៅ”។
យ៉ាងណាមិញ អ្នកឧកញ៉ា ឈួន ហាវ៉ុន អគ្គនាយកក្រុមហ៊ុន ហាវ៉ុន គ្រុប ក៏បានបន្ថែមលើការបង្ហោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ផងដែរថា ឧកញ៉ាខ្លះមានតែឈ្មោះ ជំពាក់លុយគេមិនសង មិនអាណិតម្ចាស់លុយ សមតែគេដៀល។
គួររំឭកថា សមាគមឧកញ៉ាកម្ពុជា កាលខែមេសា ឆ្នាំ២០២៥ ក៏ធ្លាប់បានអំពាវនាវដល់គោរមវន្តទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវកិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្ដីថ្លៃថ្នូរនៅក្នុងសង្គម ក្នុងការប្រកបមុខរបរនិងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងសូមមេត្តាយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាទីបំផុត ចំពោះការប្រើប្រាស់បណ្តាញសង្គម ឬមធ្យោបាយផ្សព្វផ្សាយនានា ជៀសវាងចែកចាយ ឬផ្សព្វផ្សាយនូវសកម្មភាព និង/ឬការប្រើពាក្យសម្ដីទាំងឡាយណា ដែលធ្វើឱ្យប៉ះពាល់ដល់ងារជាកិត្តិយស ដែលព្រះរាជទានដោយអង្គព្រះមហាក្សត្រ៕



