ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង យល់ឃើញថា នៅពេលយើងខំប្រឹងពេក ខំរកលុយទុកឱ្យកូន ខំរហូតដល់គ្មានពេលជាមួយកូន នោះជាកំហុសដ៏ធំមួយរបស់ឪពុកម្តាយ ព្រោះយើងមិនបានជួយបង្ហាត់បង្រៀនកូនដោយផ្ទាល់នោះទេ។

ក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះ លោកឧកញ៉ាបណ្ឌិត បានលើកឡើងថា នៅពេលយើងខំប្រឹងពេកដើម្បីរកលុយទុកឱ្យកូន ប៉ុន្តែយើងភ្លេចបង្រៀនកូន ខំពេករហូតដល់គ្មានពេលជាមួយកូន នោះគឺជាកំហុសដ៏ធំមួយ។ នៅពេលយើងខំប្រឹងគ្រប់យ៉ាង ចាយពេលគ្រប់យ៉ាង តែយើងភ្លេចចាយពេលជាមួយកូន នោះជាកំហុសធំរបស់ឪពុកម្តាយ ព្រោះយើងមិនបានបង្រៀនគាត់ មិនបានបង្ហាញគាត់ ពីករណីជាក់ស្តែង ព្រោះក្មេងមិនដឹងអ្វីនោះទេ។
លោកឧកញ៉ាបណ្ឌិត បានគូសបញ្ជាក់បែបនេះថា៖ “យើងជាឪពុកម្តាយគិតថា យើងខំណាស់ រកលុយបានច្រើនណាស់ ទ្រព្យសម្បត្តិច្រើនណាស់ ធ្វើការងារធំណាស់ កូនរបស់ខ្ញុំធំឡើងដឹងតែស្រួលហើយ ប៉ុន្តែគាត់មិនបានបង្រៀនឱ្យកូនយល់នោះទេ ដូច្នេះកូនអាចនឹងដើរផ្លូវផ្សេង ឬខូចចិត្ត។ កុំភ្លេចថា ក្មេងនៅវិទ្យាល័យ គឺជាពេលយុវវ័យ ដែលជាវ័យមួយយកពួកម៉ាកធំជាងឪពុកម្តាយ ដូច្នេះវ័យនេះជាវ័យដែលយើងត្រូវតាមគាត់ឱ្យជាប់ ហើយយើងត្រូវមានពេលវេលាជាមួយគាត់”។
សូមជម្រាបថា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បច្ចុប្បន្នគឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត, ស្ថាបនិក និងជាអគ្គនាយក បុរី វិមានសំណាង, ស្ថាបនិក និងជាអគ្គនាយក បុរី ខេអេស រ៉េស៊ីដេន។ ក្នុងវិស័យកីឡា លោកឧកញ៉ាបណ្ឌិត ជាស្ថាបនិក និងប្រធានក្រុមបាល់ទាត់ពាក់កណ្តាលអាជីព Khmer United FC ផងដែរ។ សម្រាប់ជីវិតអាពាហ៍ពិពាហ៍ រយៈពេលជាង ២០ឆ្នាំ លោកឧកញ៉ាបណ្ឌិត និងលោកជំទាវឧកញ៉ា គង់ សំណាង មានបុត្រាបុត្រីប្រកបដោយគន្លងធម៌ សរុបចំនួន ៤នាក់៕



