អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប កាលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំពិធីខួបកំណើតភរិយា លោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី (លោកជំទាវប្រហុក) ភ្ជាប់ជាមួយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ដោយមានការចូលរួមពីញាតិមិត្ត កូនចៅ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងអនុញ្ញាតឱ្យកុមារភៀសសឹក មកពីភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បានចូលរួមកម្មវិធីផងដែរ។

នៅលើបណ្តាញសង្គម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងថា៖ “ថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ជាប់ជាមួយនឹងថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ (Valentine’s Day) ខ្ញុំបានធ្វើពិធីខួបកំណើតជូនលោកជំទាវប្រហុកផងដែរ រូបខ្ញុំព្រមទាំងភរិយា កូនចៅទាំងអស់ សូមអរគុណដល់ភ្ញៀវជាតិ អន្តរជាតិ ទាំងអស់ដែលបានផ្តល់កិត្តិយសអញ្ជើញមកចូលរួម”។
អ្នកឧកញ៉ា បានបន្តថា នារាត្រីដ៏មនោរម្យនេះ ក៏មានកុមារា កុមារី ភៀសសឹកមកពីភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ បាននាំគ្នាមកចូលរួមផងដែរ ពួកគាត់អត់មានវត្ថុអនុស្សាវរីយ៍អីដូចគេទេ មានតែក្រដាស់មួយសន្លឹកម្នាក់កាត់ជារូបបេះដូង រួចហើយសរសេរជូនពរលោកយាយ លោកតា ព្រមទាំងអរគុណដែលលោកយាយ លោកតាបានផ្តល់កន្លែងស្នាក់នៅ និងអាហារហូបតាំងពីថ្ងៃអង្គារ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយនឹងអាចបន្តទៅមុខទៀតមិនដឹងជាដល់ថ្ងៃណាទេ។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី បាននាំយកកុមារា និងកុមារី សរុបចំនួន ៤៩នាក់ ស្ថិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលផ្ទះសម្បែងរបស់ពួកគេរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ ដើម្បីយកមកចិញ្ចឹមបីបាច់ថែរក្សា នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ៕








