អ្នកឧកញ៉ា សៀ ឬទ្ធី៖ ធុរកិច្ចកម្ពុជា ត្រូវក្តាប់យកផលប្រយោជន៍ពីការផ្លាស់ប្តូរបញ្ហាប្រឈមសកល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដ គ្រុប បានយល់ឃើញថា ធុរកិច្ចកម្ពុជាត្រូវតែរក្សាជំហរជាទីតាំងអាជីវកម្ម ដែលមានស្ថិរភាព អព្យាក្រឹត និងគួរឱ្យ​ទុកចិត្ត​បំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមសកល ឱ្យទៅជាកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់ជាតិ និងត្រូវចេះក្តាប់យក​ឱកាសនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសសមាគមឧកញ៉ាកម្ពុជា បានរៀបចំពិធីជួបជុំសមាជិក និងពិសាភោជនាហារគ្រួសារសមាគមលើកទី១ កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា បានអះអាងថា លទ្ធផលអនាគតល្អនឹងផ្តល់ដល់អ្នក​ ដែលបានត្រៀមខ្លួនរួច​ជាស្រេច ដ្បិតថា នាពេលបច្ចុប្បន្នធុរកិច្ចនៅកម្ពុជា កំពុងប្រតិបត្តិការក្នុងស្ថានភាពមិនច្បាស់លាស់ និងមានការ​ផ្លាស់ប្តូរជាច្រើន ដោយកំពុងប្រឈមនឹងសម្ពាធលើថ្លៃដើមហិរញ្ញប្បទាន និងតម្រូវការធនធានមនុស្ស ដែលមាន​ជំនាញ។ ម្យ៉ាងទៀតនៅក្នុងតំបន់អាស៊ាន ប្រទេសជិតខាងកម្ពុជា កំពុងបង្កើនភាពប្រកួតប្រជែង​តាមរយៈកំណែ​ទម្រង់ ដើម្បីទាក់ទាញការវិនិយោគ រីឯក្នុងកម្រិតសកល កំណើនសេដ្ឋកិច្ចយឺតយ៉ាវ ភាពតានតឹងផ្នែកភូមិសាស្ត្រ​នយោបាយ និងការផ្លាស់ប្តូរនៃខ្សែច្រវាក់ផ្គត់ផ្គង់ កំពុងកំណត់ទម្រង់ថ្មីនៃរបៀបធ្វើអាជីវកម្ម។

អ្នកឧកញ៉ា សៀ ឬទ្ធី បានសង្កត់ធ្ងន់ថា ក្នុងបរិបទនេះសំណួរសំខាន់ សម្រាប់សហគមន៍ធុរកិច្ច គឺមិនមែនសួរថា តើកំណើនកើតឡើងនៅទីណានោះទេ ប៉ុន្តែត្រូវសួរថា តើយើងគួរឆ្លើយតបយ៉ាងដូចម្តេច?​ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឱ្យធុរកិច្ចកម្ពុជា ត្រូវផ្តោតលើសកម្មភាពជាក់ស្តែងមួយចំនួនដូចជា វិនិយោគលើសមត្ថភាពទាំងបច្ចេកវិទ្យា ប្រព័ន្ធការងារ និងធនធានមនុស្ស ពោលគឺអាជីវកម្មដែលហ៊ានទទួលយកឧបករណ៍ឌីជីថល នឹងមានប្រៀបក្នុង​ការប្រកួតប្រជែង, ត្រូវពង្រឹងភាពជាដៃគូតាមរយៈការសហការឱ្យកាន់តែសកម្ម មិនថាជាមួយវិនិយោគិនអន្តរជាតិ ឬក្នុងចំណោមសមាជិក នៃសមាគមឧកញ៉ាកម្ពុជាខ្លួនឯង ដើម្បីពង្រីកទំហំអាជីវកម្ម និងកាត់បន្ថយហានិភ័យ និងត្រូវបង្កើនកិច្ចសហការជាមួយរាជរដ្ឋាភិបាល ដូចជាតាមរយៈសមាគមឧកញ៉ាកម្ពុជាជាដើម ដើម្បីធានាថា គោលនយោបាយ និងបទប្បញ្ញត្តិនានា ពិតជាជួយគាំទ្រដល់ធុរកិច្ចមានការប្រកួតប្រជែងរយៈពេលវែង៕