អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ក្នុង «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦» ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅ សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា។

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា «កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជាឆ្នាំ២០២៦» (Cambodia-ASEAN Business Summit 2026) នៅរាជធានីភ្នំពេញ ក្រោមមូលបទ ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម (Transforming ASEAN: Innovation, Integration, and Industrial Evolution) ដែលពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹងប្រព្រឹត្តនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំកំពូលធុរកិច្ចនេះ មានគោលបំណងពិភាក្សា និងជំរុញយុទ្ធសាស្ត្រ ដែលចាត់ទុកកម្ពុជាជា កាតាលីករ សម្រាប់កំណើនក្នុងតំបន់ និងលើកយកមកបង្ហាញនូវកត្តាអំណោយផលនៃច្បាប់វិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកម្ពុជាឱ្យក្លាយជាដៃគូ «បូកមួយ» (Plus-One Partner) និងជាផ្នែកមួយនៃពិពិធកម្មខ្សែច្រវាក់ផ្គត់ផ្គង់តំបន់៕


