អ្នកឧកញ៉ា លី ឃុនថៃ អញ្ជើញឯកឧត្តម ប៉ែន បូណា ផ្តល់បាឋកថាជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានអញ្ជើញ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើវាគ្មិនក្នុងកម្មវិធីបាឋកថាលើប្រធានបទ ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រង សាស្រ្តាចារ្យ និងសមណនិស្សិត និងនិស្សិត សរុបប្រមាណ ៣០០អង្គ/នាក់ កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនោះដែរ ឯកឧត្តមអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកទឹកចិត្តឱ្យនិស្សិតចាប់យកឱកាស ដែលថ្នាក់ដឹកនាំ រៀមច្បងជំនាន់មុនបានខិតខំពុះពារការលំបាកគ្រប់យ៉ាង ប្រកបដោយការលះបង់ខ្ពស់ដើម្បីបង្កើតបរិយាកាស​អំណោយផលគ្រប់បែបយ៉ាងដល់យុវជនជំនាន់ក្រោយ ដូចជា សាលារៀនមានគ្រប់ទីកន្លែង ចំណីអាហារសម្បូរបែប សម្លៀកបំពាក់ល្អ មធ្យោបាយធ្វើដំណើរក៏មានគ្រប់គ្រាន់។ ដូច្នេះនៅសល់តែម្យ៉ាងគត់ គឺការខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់ក្មួយៗនិស្សិតគ្រប់រូប ដើម្បីក្លាយជាមូលធនមនុស្សដ៏ពូកែសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។

សូមជម្រាបថា បាឋកថានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៤ រួមមាន ទី១. ដើម្បីឱ្យយុវជនយល់ដឹងពីគោលនយោបាយជាតិ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា ទី២. លើកទឹកចិត្តដល់និស្សិតឱ្យអភិវឌ្ឍខ្លួនក្លាយជាមូលធនមនុស្សដ៏ពេញលេញ ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ទី៣. យល់ដឹងពីសារសំខាន់នៃព័ត៌មានដើម្បីជាប្រភពនៃការសិក្សាស្រាវជ្រាវ និងការសម្រេចចិត្ត និងទី៤. លើកកម្ពស់ឱ្យយុវជនចូលរួមអភិវឌ្ឍសង្គមជាតិ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់៕