នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦នេះ អ្នកឧកញ៉ា ឧកញ៉ាៗជាច្រើនរូប បានអញ្ជើញចូលរួមពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានទីតាំងស្ថិតនៅលើវិថីឯករាជ្យ ផ្លូវលេខ១០០ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ពិធីក្រុងពាលី បើកការដ្ឋានសាងសង់អគារស្នងការដ្ឋាននេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស ខេង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ។
ក្នុងឱកាសនោះដែរ ក៏មានវត្តមាន អ្នកឧកញ៉ា គិត ម៉េង, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា លាង ពៅ, អ្នកឧកញ៉ា កុក អាន, អ្នកឧកញ៉ា លី ប៉ោយូ និងឧកញ៉ាៗ អភិបាលរាជធានី ខេត្ត ស្នងការនគរបាលរាជធានី ខេត្ត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បច្ចុប្បន្នដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដែលលោកទទួលបានការតែងតាំងជាស្នងការខេត្តភាគនិរតីមួយនេះ តាំងពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕












