អ្នកឧកញ៉ាបណ្ឌិត សួរ វីរ: អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ បានដឹកនាំបុគ្គលិកគ្រប់ជាន់ថ្នាក់ រៀបចំកម្មវិធីបរិច្ចាគឈាមជាមួយក្រុមគ្រួសារ វិរៈ ប៊ុនថាំ លើកទី៥ នៅថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ១១ព្រឹក នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ។

ការបរិច្ចាគឈាមនេះ គឺដើម្បីផ្ដល់ក្ដីសង្ឃឹម និងជួយសង្គ្រោះជីវិតដល់ប្រជាជនខ្មែរទូទាំងប្រទេសដោយស្ម័គ្រចិត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ក្រុមហ៊ុន វិរៈ ប៊ុនថាំ ប្រមាណ១៨០នាក់។
អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ បានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគឈាមជាការចូលរួមបង្កើតនូវវប្បធម៌ចែករំលែករួមគ្នា ហើយក៏ធ្វើឱ្យបុគ្គលិក គ្រួសារ វិរៈ ប៊ុនថាំ យល់ដឹងពីការចែករំលែក មានឱកាសជួបជុំគ្នា បង្កើតបរិយាកាសរួមគ្នា។

អ្នកឧកញ៉ាបណ្ឌិតបន្តថា ក្រៅពីបង្កើនវប្បធម៍ចែករំលែករវាងបុគ្គលិកនិងបុគ្គលិក ក៏កាន់តែផ្តល់អត្ថប្រយោជន៍ដល់សង្គមជាចម្បង ដោយសារឈាមពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរដែលត្រូវការឈាមសង្គ្រោះបន្ទាន់ ស្របពេលបច្ចុប្បន្នកម្ពុជានៅតែមិនអាចមានឈាមផ្គត់ផ្គង់បានគ្រប់គ្រាន់ចំពោះអ្នកដែលត្រូវការឈាមជាចាំបាច់។
សូមជម្រាបថា ក្រោមរូបភាពជួយចែករំលែកទៅសង្គមរបស់ ក្រុមហ៊ុន វិរៈ ប៊ុនថាំ មានច្រើនរូបភាពជាហូហែរ រួមទាំងការបរិច្ចាគឈាម ការបរិច្ចាគថវិកាទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា ការចូលរួមធ្វើផ្លូវទៅវត្តអារាម សាលារៀន ការចូលរួមជាមួយជនភៀសសឹក ការជួយដឹកស្បៀងអាហារ គ្រឿងឧបភោគ ទៅដល់ជនភៀសសឹក ក៏ដូចជាវីរៈកងទ័ព ជាដើម។ ដោយការចូលរួមមិនដាច់ដូចភ្លៀងរលឹមរបស់ គ្រួសារ វិរៈ ប៊ុនថាំនេះ អ្នកឧកញ៉ាបណ្ឌិត សួរ វីរៈ អះអាងថាមិនដែលទាមទារចង់បានត្រឡប់ពីសង្គមវិញនោះទេ ក្នុងនាមជាខ្មែរជួយខ្មែរ ក្រោមស្មារតីខ្មែរតែមួយ។ គ្រួសារ វិ:ប៊ុនថាំ ជាមួយវប្បធម៌នៃការចែករំលែក គ្រួសារ វិរ:ប៊ុនថាំ ដើម្បីប្រជាជនកម្ពុជា៕











